ចាប់​មន្ត្រី​យោធា​ម្នាក់ ក្នុង​ករណី​បើក​ល្បែងស៊ីសង

05-August-2016 | ដោយ មែន កំសត់

 

ខេត្តសៀមរាប ៖ មន្ត្រី​យោធា​ម្នាក់ ដែល​បើក​ល្បែងស៊ីសង​ខុសច្បាប់ ត្រូវ​បាន​កងរាជអាវុធហត្ថ ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ​ឱ្យ​ចាប់ ខណៈ​ដែល​ជនសង្ស័យ​ជា​មន្ត្រី​យោធា​បាន​រត់គេច​ខ្លួន​មួយ​រយៈ​។ ហេតុ​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា​ឆ្នាំ​២០១៦​ថា មន្ត្រី​យោធា​ម្នាក់​នេះ ដែល​ត្រូវ​បាន​កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​បើក​កន្លែង​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ការ​ចាប់ខ្លួន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦​នេះ ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ បន្ទាប់​ពី​រូបគេ​បាន​រត់គេច​ខ្លួន​បាត់​អស់​មួយរ​យៈមក​។ តាម​ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​មានឈ្មោះ ប៉េង ច័ន្ទ​សីហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប មុខរបរ​ជា​មន្ត្រី​យោធា​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    20586347

  • ថ្ងៃនេះ10361
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28741
  • ខែនេះ143891
  • ឆ្នាំនេះ143891
  • សរុប20586347