ប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បានឲ្យដឹងថាសង្វៀនបញ្ជល់មាន់ដ៏ធំនៅក្នុងបរិវេណគេហដ្ឋានរបស់សាច់ញាតិថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ កំពុងបើកដំណើរការយ៉ាងអនាធិបតេយ្យ គ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ដ៏ធំនោះបានបើកបញ្ជល់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមានអតិថិនជនជាច្រើនបានទៅចូលរួមលេងល្បែងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង ចំណែកនគរបាលមូលដ្ឋាន និងនគរបាលស្រុកល្វាឯម ធ្វើមិនដឹងឮអ្វីទាំងអស់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ជាបន្ទាន់កុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតទៅទៀត។
តាមការអះអាងរបស់អ្នកធ្លាប់ចូលរួមលេងល្បែងបញ្ជល់មាន់នៅភូមិអរិយក្សត្រ បានឲ្យដឹងថាអ្នកដែលមានមាន់ជល់ហើយចង់យកទៅបញ្ជល់ក្នុងសង្វៀនខាងលើ ត្រូវមានរថយន្តផ្ទាល់ខ្លួនជិះចូលទៅដល់សង្វៀនតែម្តងទើបក្រុមមេការអនុញ្ញាត។ ចំណែកអ្នកចង់ចូលរួមលេងល្បែងបញ្ជល់មាន់ ហើយចង់ទៅចូលរួមចាក់ភ្នាល់ក៏ត្រូវមានរថយន្តផ្ទាល់ខ្លួនផងដែរទើបគេអនុញ្ញាតឲ្យចូល ហើយគ្រប់គ្នាត្រូវទិញសំបុត្រដែលមានតម្លៃ១សន្លឹក២ម៉ឺនរៀល។ ម្ចាស់សង្វៀននោះត្រូវប្រជាពលរដ្ឋឲ្យដឹងថាឈ្មោះ សាន ជាសាច់ញាតិរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ហេតុនេះហើយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងស្រុកល្វាឯម មិនហ៊ានប៉ះពាល់នោះទេ។
តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម បានឲ្យដឹងថាអ្នកចូលរួមលេងល្បែងបញ្ជល់មាន់នៅសង្វៀនរបស់លោក សាន ភាគច្រើនជាអ្នកមានលុយ អ្នកមានអំណាច ហើយក្នុងមាន់មួយគូៗមានភ្នាល់ដាក់ដើមថាន់រាប់ពាន់ដុល្លារ ចំណែកអ្នកមិនសូវមានលុយគ្រាន់តែទិញសំបុត្រទៅឈរមើលនិងស្រែកហ៊ោឲ្យផ្អើលពេញភូមិរំខានដល់ការរស់នៅរបស់អ្នកជិតខាង។ បញ្ហានេះលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល មិនត្រូវបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះសង្វៀនបញ្ជល់មាន់របស់លោក សាន កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម បានឲ្យដឹងថា ការបើកសង្វៀនបញ្ជល់មាន់ដ៏ធំរបស់ឈ្មោះ សាន ដែលមានមេការជាច្រើននាក់ផងនោះ ពួកគាត់ធ្លាប់រាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលរួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញមានចំណាត់ការអ្វីទាំងអស់៕