លោក ឡី លន់ មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨ កំពុងត្រូវនាយទាហាននិងពលទាហានក្រោមឱវាទរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពកាប់ឈើប្រណីតប្រភេទធ្នង់ និងឈើជាច្រើនប្រភេទទៀតរាប់សិបដើមនៅក្នុងទីតាំងអង្គភាព។ នាយទាហាននិងពលទាហានក្នុងវរសេនាតូចអន្តរាគមន៍លេខ៣៨២ បានឲ្យដឹងទៀតថា ក្រោយពេលលោក ឡី លន់ ឡើងធ្វើជាមេបញ្ជាការអង្គភាពនេះជំនួសលោក ចាន់ សុខុន ហៅការ៉េ២រួចមក ស្រាប់តែប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ បញ្ហានេះមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ គួរពិនិត្យនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់កុំឲ្យលោក ឡី លន់ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀត។
សេចក្ដីរាយការណ៍ពីនាយទាហាននិងពលទាហានក្នុងវរសេនាតូចអន្តរាគមន៍លេខ៣៨២បានឲ្យដឹងថា ជំនាន់លោក ចាន់ សុខុន នៅគ្រប់គ្រងអង្គភាពនេះ គឺមិនអនុញ្ញាតឲ្យអ្នកណាប៉ះពាល់ដើមឈើក្នុងទីតាំងអង្គភាពបានឡើយ គឺត្រូវអភិរក្សទុកជាសម្បត្តិរដ្ឋលំអអង្គភាពទាំងមូល។ ដោយហេតុថាទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨២ គឺជាទីបញ្ជាការគំរូក្នុងទីតាំងជួលមុខនៃតំបន់ព្រំដែនប្រាសាទព្រះវិហារ និងជាទីតាំងជំរំយុទ្ធជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។ ប៉ុន្តែក្រោយពេលលោក ឡី លន់ ឡើងកាន់តំណែងជាមេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨២រួចមក ស្រាប់តែធ្វើសកម្មភាពកាប់ឈើគ្រញូង ឈើធ្នង់ និងឈើជាច្រើនប្រភេទទៀត នៅក្នុងទីតាំងអង្គភាពតាមអំពើចិត្ត ហើយសង្ស័យលោក ឡី លន់ យកឈើទាំងនោះលក់ឲ្យឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
នាយទាហាននិងពលទាហានមួយចំនួនបានសម្ដែងនូវការសោកស្ដាយក្រោយពេលដែលលោក ឡី លន់ កាប់បំផ្លាញដើមឈើក្នុងអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨២ ចំណុះកងពលតូចអន្តរាគមន៍លេខ៨យ៉ាងមហន្តរាយកាលពីពេលថ្មីៗនេះ។ ហេតុនេះហើយទើបពួកគេអំពាវនាវឲ្យលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ កុំឲ្យលោក ឡី លន់ ប្រើអំណាចហួសព្រំដែនធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។ នាយទាហាននិងពលទាហានក្នុងវរសេនាតូចអន្តរាគមន៍លេខ៣៨២ សង្ឃឹមថាលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ចាត់វិធានការតាមច្បាប់យោធាទៅលើលោក ឡី លន់ ដើម្បីកុំឲ្យមន្ត្រីយោធារូបនេះធ្វើអ្វីៗតាមទំនើងចិត្តរបស់ខ្លួន៕