រវល់​​ថត​រូបអត់​មើល​​ក្រោយ​​ធ្លាក់ពីលើ​​​ប្រាសាទ​

06-August-2016 | ដោយ មែន កំសត់

 

ខេត្តសៀមរាប ​៖ ​ស្ត្រីជន​ជាតិចិន​ម្នាក់ បាន​​រអិល​ជើង​​ដួល​ពីលើ​ប្រាសាទ​បាកាន ​​បន្ទាប់​ពី​ដើរ​ថយក្រោយ​មិន​ប្រយ័ត្ន បណ្តាល​ឱ្យ​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៃ​ខេត្តសៀមរាប​ ។ ហេតុ​ការណ៍​​នេះ កើតឡើង​កាល​ពី​​វេលា​ម៉ោង​០៩​ និង១៥​នាទី​ព្រឹកថ្ងៃ​ទី​០៤​ សីហា​ ​២០១៦ ​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​​ឱ្យ​ដឹងថា ​​ស្ត្រីរងគ្រោះ​​ដែល​ធ្លាក់​ពីលើ​បាកាន​ជាន់​ទី​៣​នោះ ឈ្មោះ LI YUE ភេទស្រី ​អាយុ​២៨​ឆ្នាំ ជា​ជន​ជាតិ​​ចិន ខណៈ​ដើរ​ថយក្រោយ ដើម្បី​ថតរូប​មិន​ប្រយ័ត្ន​ក៏​រអិល​ជើងធ្លាក់​ពីលើ​បាកាន​កម្ពស់​១,៣០​ម៉ែត្រ​ជាន់​ទី​៣ ខាងកើត​ឈាង​ខាងត្បូង នៅ​ជាន់​ខាងលើ នៃ​ប្រាសាទអង្គរវត្ត បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ត្រចៀក និង​ក្បាល​ផ្នែក​ខាងក្រោយ​​ត្រង់​​ចង្កេះ និង​ក ផង​​ដែរ ​។

ប្រភព​​បន្ត​​ថា បន្ទាប់​ពី​ភ្ញៀវ​បរទេស​ធ្លាក់​ភ្លាម​ៗ ត្រូវ​បាន​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​អប្សរា មន្ត្រី​នគរបាល​ការពារ បេតិកភណ្ឌ​ និងមន្ត្រី​នគរ​បាល​ទេសចរណ៍​​សៀមរាប ដែល​ប្រចាំការ​នៅ​ទីនោះជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​មន្ទីរ​ ដើម្បី​ព្យាបាល​របួស ​។ ប្រភព​​បន្ថែម​ថា ដោយសារ​តែ​រដូវ​នេះជា​រដូវវស្សា ហើយ​មាន​ភ្លៀង​ធ្លាក់ រាល់ថ្ងៃ​ផង​នោះ បណ្តាល​ឱ្យ​តាម​បរិវេណ​ប្រាសាទ​នីមួយ​ៗ​មាន​ដក់​ទឹកនឹង​ឡើង​ស្លែ ទើប​ធ្វើ​ឱ្យ​ភ្ញៀវ​ជាន​ជាតិចិន​នោះរអិល ពេល​ដើរ​ជាន់​លើ​ចំ​កន្លែង​ដក់​ទឹក ។

 

ចំនួនអ្នកទស្សនា

    20590227

  • ថ្ងៃនេះ2791
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32621
  • ខែនេះ147771
  • ឆ្នាំនេះ147771
  • សរុប20590227