រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានមិត្តភក្តិនាំយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់រហូតបានសម្រេចកាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ។
ប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពពីឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី៤សីហា ខ្លួននិងប្រពន្ធបានបបួលជនសង្ស័យដែលជាមិត្តភក្តិមកជួបជុំគ្នាផឹកស៊ីនៅផ្ទះជួលរបស់ខ្លួនដែលនៅជិតគ្នារហូតស្រវឹងខ្លាំងរៀងៗខ្លួន លុះយប់ឡើងខ្លួនក៏មិនដឹងថាមិត្តដ៏អប្រិយរូបនេះបានចាប់រំលោភកូនស្រីអាយុ១៥ឆ្នាំរបស់គាត់ដែរ ទើបតែព្រឹកឡើងកូនស្រីគាត់ប្រាប់គាត់ទើបគាត់ដឹង ក៏នាំគ្នាចាប់ខ្លួន និងនាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង ៕