រតនគិរី៖កាលពីវេលាទាបភ្លឺថ្ងៃទី៥ខែសីហាឆ្នាំ២០១៦នេះកម្លាំងចម្រុះខេត្តរតនគិរីបានចុះបង្ក្រាបរថយន្តឡង់គ្រឺស័រមួយគ្រឿងបានដឹកឈើប្រណីតពេញបម្រុងចូលក្រុងបានលុងត្រង់ចំណុចភ្នំកូនសេកស្ថិតក្នុងភូមិតាអងកាតែឃុំតាអងស្រុកកូនមុំខេត្តរតនគិរី។រថយន្តដឹកឈើមួយគ្រឿងនោះត្រូវបានមន្ត្រីជំនាញអះអាងថាជារបស់លោក សេង វាសនា នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពាក់ស័ក្តិ៤។
មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់មានរថយន្តលួចដឹកឈើឆ្លងកាត់ភូមិសាស្ត្រខ្លួននោះកម្លាំងសមត្ថកិច្ចចម្រុះបានសុំយោបល់លោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបតែម្តង។ប៉ុន្តែឈើដែលមានក្នុងរថយន្តនោះមិនទាន់ដឹងពីចំនួននៅឡើយទេ។បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើប្រណីតត្រូវនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យ តាមច្បាប់ស្តីពីព្រៃឈើ។
លោកវរសេនីយ៍ឯកនូវដារ៉ាប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបញ្ជាក់ឲ្យដឹងទាក់ទិនទៅនឹងមន្ត្រីនគរបាលក្រោមឱវាទលួចដឹកឈើប្រណីតខាងលើនេះថាបុគ្គលសេងវាសនានេះកន្លងមកអង្គភាពបានហៅមកណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនឈើជាច្រើនដងមកហើយ តែគាត់នៅតែមិនព្រមបញ្ឈប់ទៀត៕
.dpuf