ខេត្តសៀមរាប ៖ ទីតាំងល្បែងស៊ីសងអាប៉ោងនិងបៀមួយកន្លែង នៅស្រុកបន្ទាយស្រីគេលេងដុះស្លែយូរហើយ និងមិនដែលឃើញសមត្ថកិច្ចអើពើបង្ក្រាបទេ ធ្វើឱ្យមានការសង្ស័យថា អាចអាជ្ញាធរពាក់ព័ន្ធ ឬត្រូវថ្នាំដេកលក់អស់ទៅហើយទើបធ្វើឲ្យមុខរបរមួយនេះរីកមុខរីកមាត់ដូចផ្សិត ។
ជាក់ស្តែង នៅរសៀលថ្ងៃទី០២ ខែសីហា ក្រុមអ្នកសាព័ត៌មានចុះទៅដល់កន្លែងលេងអាប៉ោងនិងបៀរនៅភូមិកម្រងថ្មី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ហើយថតយករូបភាពពួកគេកំពុងលេង ក៏ត្រូវទទួលរងការជេរប្រមាថ និងគំរាមកំហែង ព្រមទាំងនិយាយថា «ពួកអ្ហែងចង់ហៅអភិបាលស្រុក ឬក៏អធិការស្រុកនិងមេធំនៅលើក៏មិនខ្វល់ដែរ» ។ ម្ចាស់ល្បែងស៊ីសងនេះមាន២នាក់ ម្នាក់ឈ្មោះ ព្រៃ និងម្នាក់ទៀតឈ្មោះ ហ៊ីម ហៅ យាយចេក ដែលអួតថា បានបង់លុយឲ្យសមត្ថកិច្ចជារៀងរាល់ខែអស់ហើយ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា ការលេងល្បែងបៀអាប៉ោង នេះ ចាក់លុយក្នុងមួយដងៗ អាចរហូតដល់១ពាន់ដុល្លារទៅ២ពាន់ដុល្លារ។ ជុំវិញករណីខាងលើនេះ លោក សូ ស៊ុន អភិបាលស្រុកបន្ទាយស្រី បានឆ្លើយតបតាមទូរស័ព្ទនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ថា «ខ្ញុំមិនមានពេលនិយាយពីបញ្ហាល្បែងស៊ីសងបានឡើយ ពីព្រោះខ្ញុំកំពុងជាប់រវល់ប្រជុំ» ។
ចំណែកលោក មុយ ណន អធិការនគរបាលស្រុកបន្ទាយស្រី មិនអាចសុំទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី០៣ ខែសីហា ជុំវិញករណីខាងលើនេះ ដែលប្រជាពលរដ្ឋបានសំណូមពរជាយូរខែមកហើយ អំពីករណីល្បែងស៊ីសងដុះស្លែនៅក្នុងភូមិមួយនេះ ។
មជ្ឈដ្ឋាននានានៅក្នុងខេត្តសៀមរាប បានរិះគន់ទៅលើអាជ្ញាធរស្រុក ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកបន្ទាយស្រីថា ប្រហែលជាម្ចាស់ល្បែងយកលុយទៅសូកហើយ ទើបគ្មានឃើញបង្ក្រាបសោះ ។ ជាពិសេស ពួកគាត់ជាប្រជាពលរដ្ឋសំណូមពរដល់លោក សត ណាឌី ស្នងការនគរបាលខេត្ត សូមមានវិធានការចំពោះករណីនេះផង ព្រោះល្បែងល្បែងស៊ីសងបង្កើតឱ្យមានចោរលួច ចោរឆក់ ចោរប្លន់ ជាដើម ដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានបង្កើតភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនោះ ៕