តាកែវ ៖ ក្មេងមួយក្រុមមានគ្នាប្រមាណជាង២០នាក់ នៅក្នុងខេត្តតាកែវ បានពុលគ្រាប់ល្ហុងខ្វង បន្ទាប់ពីពួកគេបានលីងវាហូប ។
មន្ត្រីនគរបាល ខេត្តតាកែវ បានឲ្យដឹងថា យ៉ាងហោចណាស់មានក្មេងៗ ជិត៣០នាក់ បានពុលគ្រាប់ល្ហុងខ្វង ធ្វើឲ្យវិលមុខក្អួតចង្អោរ បន្ទាប់ពីពួកគេបានបេះវាយកលីងចែកគ្នាហូបតាមទម្លាប់ដែលពួកគេធ្លាប់ធ្វើពីមុនមក ។
ករណីពុលគ្រាប់ល្ហុងខ្វងនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែសីហាម្សិលម៉ិញ ក្នុងភូមិព្រៃឈើទាលឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ក្រុមក្មេងទាំងនេះ ពិតជាពុលគ្រាប់ល្ហុងខ្វង មែនដោយសារពួកគេបេះ វាយកទៅលីងចែកគ្នាហូប ។ ពួកគេធ្លាប់លីងគ្រាប់ល្ហុងខ្វងហូបដែរ កាលពីពេលមុន តែមិនដែលមានបញ្ហាអ្វីនោះទេ តែពេលនេះ ប្រហែលជាពួកគេនាំគ្នាហូបច្រើនពេកទើបបណ្តាលឲ្យពុល។
លោក បានឲ្យដឹងទៀតថា ក្រុមក្មេងរងគ្រោះទាំងនោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស បន្ទាប់ពីមានអាការៈ ពុលនោះ ដែលបច្ចុប្បន្នក្មេងទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញអស់ហើយ៕