ក្រសួងមហាផ្ទៃ ៖ សំណុំរឿង​បក្ស​សង្គ្រោះ​ជាតិ​ក្លែងបន្លំ​ស្នាម​មេដៃ​អាច​ឈាន​ដល់​នីតិវិធីតុលាការ

06-August-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦​បាន​ប្រកាស​ថា ស្នាម​មេដៃ​ប្រមាណ​៦​ម៉ឺន ត្រូវ​បាន​ពិនិត្យ​រួចរាល់ បន្ទាប់​ពី​គណៈកម្មការ​ស្រាវជ្រាវ​លើ​ញត្តិ​នៃ​ស្នាម​មេដៃ​ប្រមាណ​១៧​ម៉ឺន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​ព្រះ​មហាក្សត្រ ។ ការ​ប្រកាស​បន្ត​របស់​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា មាន​ស្នាម​មេដៃ​ខ្លះ​ផ្តិត​លើស​ពី​២​ដង​លើ​ញត្តិ​ទៀត​ផង ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ និង​លោក សក់ សេដ្ឋា បាន​លើក​ឡើង​ក្នុង​សន្និសីទកាសែត ។

​លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា គណៈកម្មការ​បាន​ចុះ​ស្រាវជ្រាវ​នៅ​តាម​ខេត្ត​នានា បាន​រក​ឃើញ​ថា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៥១​នាក់ បាន​ចេញ​មក​អះអាង​ស្នាម​មេដៃ​របស់​ខ្លួន​ត្រូវ​បាន​គេ​ថា​យក​ទៅ​ស្នើ​សុំ​រដ្ឋាភិបាល​កសាង​ផ្លូវ ជីក​ស្រះ មិនមែន​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​គាំទ្រ​លោក កឹ​ម សុខា​នោះ​ទេ ។ ពួក​គាត់​បាន​ដាក់​ពាក្យ​ប្តឹង​អ្នក​ដែល​បាន​យក​ស្នាម​មេដៃ​របស់​ពួក​គាត់​ទៅ​ប្រើប្រាស់​ខុស​ពី​អ្វី​ដែល​ពួក​គេ​បាន​ប្រាប់ ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​លើក​ឡើង​ថា មាន​ពាក្យ​ប្តឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ពេល​នេះ មាន​ចំនួន​១២៧​នាក់​ស្រី​៧​នាក់ អាជ្ញាធរ​មូលដ្ឋាន​គណៈកម្មការ​កំពុង​ស្រាវជ្រាវ និង​បន្ត​ចាត់ការ​ចំពោះ​អ្នក​ដែល​បាន​ក្លែង​ស្នាម​មេដៃ លើ​ញត្តិ​ទាំងនោះ ។ លោក​ថា គណៈកម្មការ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​ស្នាម​មេដៃ​ប្រឌិត ហើយ​ករណី​នេះ​នៅ​មិន​ទាន់​ចប់​ទេ​អាច​ឈាន​ទៅ​ដល់​តុលាការ​ផង ។

លោក ខៀវ សុភ័គ បន្ត​ថា ស្នាម​មេដៃ​ជាង​១៧​ម៉ឺន គឺ​ស្នាម​មេដៃ​៦​ម៉ឺន​បាន​ពិនិត្យ​រួច​ហើយ​ក្នុង​ចំនួន​ញត្តិ​១៨​ដុំ និង​មានឈ្មោះ​ប្រជាពលរដ្ឋ​ប្រមាណ​៦​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្តពោធិ៍សាត់ ក្រចេះ កោះកុង និង​ខេត្តឧត្តរមានជ័យ ។​ លោក​បាន​និយាយ​ថា មិន​ទាន់​មាន​ចំណាត់ការ​យ៉ាងណា​នោះ​នៅឡើយ​ទេ ចំពោះ​ករណី​នេះ​តែ​គណៈកម្មការ​នេះ​នឹង​ចាត់វិធានការ ព្រោះ​ថាបើ​គណៈកម្មការ​នេះ​មិន​ចាត់វិធានការ​ទេ​ក៏​មិន​ចាំបាច់​បង្កើត​គណៈកម្មការ​នេះ​ធ្វើ​អ្វី​នោះ​ឡើយ ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ មាន​លើក​ឡើង​ថា ញត្តិ​ខ្លះ​មាន​ស្នាម​មេដៃ​មានឈ្មោះ​និង​អ​សយ​ដ្ឋា​ន​មាន​ជាង​១៤​ម៉ឺន​នាក់ ។ មាន​ញត្តិ​ខ្លះ​មានឈ្មោះ​ស្នាម​ម្រាមដៃ​មែន តែ​គ្មាន​អ​សយ​ដ្ឋា​ន​សោះ​ចំនួន​ជាង​២​ម៉ឺន​នាក់ ។ ដោយឡែក​ញត្តិ​ដែល​គ្មាន​ឈ្មោះ គ្មាន​ស្នាម​មេដៃ​មាន​ចំនួន​១៨៨​ឈ្មោះ ។ ចំពោះ​ទម្រង់ និង​ខ្លឹមសារ​លើ​ញត្តិ​ទាំងនោះ​ដូច​គ្នា​ទាំងអស់ ។

លោក ខៀវ សុភ័គ មាន​លើក​ឡើង​ថា ពាក់ព័ន្ធ​បាតុភាព​នេះ មានការ​ពាក់ព័ន្ធ​មូលដ្ឋាន​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ឃុំ និង​ស្រុក​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​លួងលោម​ប្រជាពលរដ្ឋ​ឲ្យ​ផ្តិត​មេដៃ​លើ​ញត្តិ ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​ផ្តិត​មេដៃ មិន​បាន​យល់​ពី​ខ្លឹមសារ​និង​យោបល់​របស់​គណបក្ស​ទេ និង​ប្រជាពលរដ្ឋ​មិន​ចេះអក្សរ ជឿ​លើ​ការ​បោក​បញ្ឆោត​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្តិត​មេដៃ​សុំ​បញ្ចុះតម្លៃ​ទំនិញ កសាង​ផ្លូវ និង​ជីក​ស្រះ​ជាដើម ។ ក្រសួង​បាន​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​បញ្ឈប់​ការ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ទៀត ។

លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៥១​នាក់​ត្រូវ​បាន​ហៅ​មក​អប់រំ​ពួក​គាត់ ។ បន្ទាប់​ពី​ការ​អប់រំ គាត់​ក៏​មានការ​បែកធ្លាយ​ថា ញត្តិ​នេះ​យក​ទៅ​ប្រើប្រាស់​បែប​នយោបាយ និង​មាន​ប្រជាពលរដ្ឋ​១២៧​នាក់ ចេញ​មុខ​ប្តឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ស្នាម​ម្រាមដៃ​របស់​ខ្លួន ទៅ​ប្រើប្រាស់​ខុស​គោលដៅ​និង​ប្តឹង​បដិសេធ​លើ​ឯកសារ​នេះ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា គណៈកម្មការ​បាន​បញ្ចប់​ការងារ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​ពិនិត្យ​រួចរាល់ និង​បន្ត​ស៊ើប​អ​ង្កើ​ត​បន្ត​ទៀត ។ លោក​បាន​ចាត់​ទុក​ថា ករណី​នេះ​អាច​ឈាន​ទៅ​ដល់​តុលាការ​ហើយ គណៈកម្មការ​មិន​អាច​និយាយ​ជំនួស​តុលាការ​បាន​ទេ ។

លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា  «​យោបល់​គាត់​ល្អ តែ​បំណង​មិនល្អ​ទេ ព្រោះ​នាំ​ស្នាម​មេដៃ​ចូល​វាំង » ។ លោក​លើក​ឡើង​ថា យើង​បាន​រក​ឃើញ​អត្តសញ្ញាណ​បុគ្គល​ក្នុង​ចំណោម​ជាង​៨​ម៉ឺន​នាក់ លើ​ចំនួន​ជាង​១៤​ម៉ឺន​នាក់ ជា​លទ្ធផល​ឈ្មោះ​១៦២៣​នាក់ គ្មាន​វត្ត​មាននៅ​មូលដ្ឋាន​មុន​កាលបរិច្ឆេទ មាន​ន័យ​ថា ឈ្មោះ​នោះ​គ្មាន​នៅ​មូលដ្ឋាន​ទេ និង​បាន​ផ្ទេរ​លំនៅ​ឋាន​ចេញ​ជាង​៤​ម៉ឺន​នាក់ និង​ស្លាប់​៧៧​នាក់ ។

លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា​ឈ្មោះ​ដែល​គ្មាន​អត្តសញ្ញាណ​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ គ្មាន​ឈ្មោះ​ក្នុង​មូលដ្ឋាន និង​មាន​ភាព​មិន​ប្រក្រតី​លើ​ញត្តិ​ចំនួន​ជាង​២០០០​សន្លឹក ហើយ​លើ​ញត្តិ​ជាង​១​ម៉ឺន​សន្លឹក មាន​ស្នាម​ម្រាមដៃ​ជាង​៤​ម៉ឺន ក្នុង​នោះ​មាន​ស្នាម​ម្រាមដៃ​៧៣៨​ស្នាម​ម្រាមដៃ​ផ្តិត​ច្រើន​ដង លើ​ឈ្មោះ​អ្នក​ដទៃ​ចំនួន​ជាង​២០០០ មាន​ខ្លះ​ផ្តិត​លើស​ពី​២​ដង និង​ខ្លះ​ផ្តិត​៨៨​ដង ។ មាន​ស្នាម​ម្រាមដៃ​៤៣​បាន​ផ្តិត​លើស​១០​ដង ។

ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៅ​លើ​ញត្តិ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដែល​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សុំ​ចំណាត់ការ​បន្ត​នោះ គឺ​ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ចារ​បញ្ជូន​ត្រឡប់​មក​វិញ ។ បន្ទាប់​ពី​ទទួល​បាន​ចំណារ​សម្តេច​នាយក​រដ្ឋមន្ត្រី គឺ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ធ្វើការ​បន្ត​ចំពោះ​ករណី​នេះ ៕

 

ចំនួនអ្នកទស្សនា

    20589977

  • ថ្ងៃនេះ2541
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32371
  • ខែនេះ147521
  • ឆ្នាំនេះ147521
  • សរុប20589977