ប្រភពពីប្រជាពលរដ្ឋក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាបុគ្គលម្នាក់ឈ្មោះ ទា លេង បាននាំយកគ្រឿងចក្រមកឈូសឆាយបំផ្លាញព្រៃសហគមន៍ក្នុងមូលដ្ឋានពួកគាត់ទន្ទ្រានកាន់កាប់ដីរដ្ឋរាប់ពាន់ហិកតា ដោយពុំមានមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរណាចាត់វិធានការបង្ក្រាបឡើយ។ អ្នកភូមិក្ដុល ឃុំក្រាំងស្គារ បានឲ្យដឹងថាឈ្មោះ ទា លេង បានប្រើប្រាស់មេការជាច្រើននាក់ ឲ្យគ្រឿងចក្រមកធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍យ៉ាងអនាធិបតេយ្យដោយមានការឃុបឃិតពីមេភូមិ ពីមេឃុំផងដែរ។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ បើទោះបីឈ្មោះ ទា លេង ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់រាប់ពាន់ហិកតាក៏ដោយ។
ទាក់ទងបញ្ហាខាងលើនេះមេការរបស់ឈ្មោះ ទា លេង ដែលនាំចូលគ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយដីព្រៃនៅចំណុចដំណាក់ក្រាំង ភូមិក្ដុល ឃុំក្រាំងស្គារ បានឲ្យដឹងថាការឈូសឆាយដីព្រៃយ៉ាងពេញបន្ទុកនោះ គឺបានសុំការអនុញ្ញាតពីមេភូមិ និងមេឃុំរួចហើយ។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យនោះ គឺលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានដឹងយ៉ាងច្បាស់ថាសកម្មភាពឈូសឆាយព្រៃរបស់ឈ្មោះ ទា លេង គឺអត់មានច្បាប់អនុញ្ញាត ប៉ុន្តែអភិបាលស្រុករូបនេះ បែរជាមិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋសង្ស័យថា អភិបាលស្រុកទឹកផុស ជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយឈ្មោះ ទា លេង ទើបបណ្ដោយឲ្យបុគ្គលម្នាក់នេះ ប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិស្រេចតែអំពើចិត្ត។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស បានអំពាវនាវឲ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់បទល្មើសប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅចំណុចដំណាក់ក្រាំង ភូមិក្ដុល ជាបន្ទាន់ព្រោះមកដល់ពេលនេះដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតាត្រូវឈ្មោះ ទា លេង ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ។ ប្រសិនបើលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅតែព្រងើយកន្តើយតទៅទៀតនោះ គឺមានន័យថាលោកអភិបាលខេត្ត អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើយ៉ាងមហន្តរាយនៅឃុំក្រាំងស្គារ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏គួរពិនិត្យមើលនិងចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងឃុំក្រាំងស្គារផងដែរ ព្រោះដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតាកំពុងធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់រាប់ពាន់ហិកតាដោយគ្មានញញើតអ្វីទាំងអស់៕