ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរបស់ក្រុមហ៊ុន «រិទ្ធមុនី» ត្រូវភ្លើងឆេះអស់ទាំងស្រុងខណៈកំពុធ្វើដំណើរតាមផ្លូវវាងក្រុងមួយកន្លែងត្រង់ចំណុចភូមិព្រៃកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ។
បើតាមសេចក្ដីរាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា គេសង្ស័យរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន«រិទ្ធមុនី»នោះឆ្លងចរន្តអគ្គីសនីពេលកំពុងធ្វើដំណើរ ទើបបង្កជាអគ្គិភ័យឆេះរថយន្តតែម្ដង ។
សេចក្ដីរាយការណ៍បន្តថា តាមការពិនិត្យជាក់ស្ដែង គឺមានអ្នកដំណើរម្នាក់បានត្រូវភ្លើងឆេះស្លាប់ក្នុងរថយន្ត រីឯចំនួន៧នាក់ទៀត ក្នុងនោះមានស្ត្រី៤នាក់ផងបានរងរបួសធ្ងន់ ។
ប្រភពដដែលបានបញ្ជក់ថា ជនរងគ្រោះដែលស្លាប់ និងរបួសដោយសាររត់ចុះពីរថយន្តមិនទាន់ តែសំណាងល្អដែលរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ ជួយសង្គ្រោះបានខ្លះ ។ កម្លាំងនគរបាលផ្នែកបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានជួយដឹកបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ រីឯជនរងគ្រោះដែលស្លាប់គឺនៅក្នុងរថយន្តនៅឡើយនាយប់នោះ ព្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ៕