ភ្នំពេញ៖សាច់មាន់ជង្គង់មាន់និងគ្រឿងក្នុងមាន់ដែលខូចគុណភាពប្រហែល១តោនដែលកម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្វើការស្រាជ្រាវ
និងចាប់រឹបអូសដកហូតបានពីឈ្មួញនាំចូលពីវៀតណាមនៅលើកំណាត់ផ្លូវជាតិ១ កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ២០១៦កន្លងទៅ។ទំនិញទាំងនោះត្រូវបានដុតបំផ្លាញចោលនៅថ្ងៃទី៦ខែសីហាឆ្នាំ២០១៦នៅទីលានចាក់សំរាមសិ្ថតនៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ានី អនុប្រធាននាយកដ្ឋានបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់លោក ក្រុមប្រតិបតិ្តការរាជធានីភ្នំពេញបានចុះបង្ក្រាបជាក់ស្តែងនូវសាច់មាន់ចិញ្ចឹមនិងគ្រឿងក្នុងមាន់មានថ្លើមកោះគ្រលៀននៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន បានប្រហែល១តោន។
លោកឧត្តមសេនីយ៍ត្រីអ៊ុំម៉ានីបញ្ជាក់បន្ថែមថាតាមការស្រាវជ្រាវកម្លាំងជំនាញរបស់នាយកដ្ឋានបានដឹងថាសាច់មាន់ខូចគុណភាពទាំងនេះគឺឈ្មួញបាននាំចូលពីប្រទេសវៀតណាមតាមផ្លូវជាតិលេខ១ហើយយើងក៏បានចាប់ដកហូតតែម្តង។សាច់មាន់ខូចគុណភាពនេះផងដែរគឺឈ្មួញយកទៅចែកចាយលក់នៅផ្សារខ្លះនិងជាពិសេសគេបោះតាមហាងលក់គ្រឿងក្លែម។ដោយឡែកក្នុងប្រតិបតិ្តការដកហូតរឹបអូសសាច់ខូចគុណភាពនេះក៏មានការសម្របសម្រួលពីលោកលីសុផាណាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញហើយក្រោយការដកហូតពីឈ្មួញទើបនៅព្រឹកថ្ងៃទី៦សីហានេះ យើងក៏នាំយកមកដុតកម្ទេចចោលនៅទីលានចាក់សំរាមនេះតែម្តង។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រីក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចូលចិត្តបរិភោគសាច់មាន់គ្រឿងក្នុងមាន់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះថា សាច់ដែលនាំចូលពីបរទេសភាគច្រើនគេដាក់ថ្នាំគីមី ម្យ៉ាងធ្វើឲ្យសាច់នោះនៅស្រស់ ហើយជាតិថ្នាំនេះ នៅពេលវាហូបទៅវាធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង ណាស់។លោកក៏បានអំពាវនាវដល់ឈ្មួញដែលប្រកបរបរនាំចូលសាច់ខូចគុណភាពគ្រប់យ៉ាងឲ្យបញ្ឈប់បន្ទាន់ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃនៅតែបន្តបង្ក្រាបឲ្យដូចភ្លៀងរលឹម៕