ខេត្តបាត់ដំបង ៖ សន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីសង្ស័យថា បានលួចលុយជាង៤ពាន់ដុល្លា ពីក្នុងរថយន្តរបស់បុគ្គលិកក្រុមហ៊ុនបារីហ្វីន ដែលចតនៅកន្លែងក្រុមហ៊ុន ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង កាលពីវេលាម៉ោង៤និង៥២នាទី ល្ងាចថ្ងៃទី០៦ ខែសីហា តែកន្លះម៉ោងក្រោយរកឃើញវិញ ក្រោយពីជនសង្ស័យបានសារភាព។ នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ លោក ឡាច វ៉ាន់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង គង់ ភេទប្រុស អាយុ៣២ឆ្នាំ ជាសន្តិសុខឯកជនរបស់ក្រុមហ៊ុនGSS។
ជននេះត្រូវបានឃាត់ខ្លួននាកន្លះម៉ោង ក្រោយពីជនរងគ្រោះឈ្មោះ ហ៊ន សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ បុគ្គលិកក្រុមហ៊ុនបារីហ្វីន ប្ដឹងចោទប្រកាន់ថា បានលួចលុយចំនួន ៤០០៩ដុល្លា ពីក្នុងកាប៊ីនរថយន្តរបស់ខ្លួនដែលចតនៅកន្លែងក្រុមហ៊ុន។ លោក ឡាច វ៉ាន់ បានបន្តថា ក្រោយពីឃាត់ខ្លួនយកទៅសួរនាំ ទើបជននេះសារភាព ហើយបានបង្ហាញកន្លែងលាក់ទុកលុយនោះ ថែមទាំងបានដកហូតបានមកវិញគ្រប់ចំនួនផងដែរ។ លោក ហ៊ន សម្បត្តិ ជាម្ចាស់លុយបានបំភ្លឺថា លុយចំនួន៤០០៩ដុល្លានេះ គឺខ្លួនទើបប្រមូលបានពីម៉ូយនានានៅតាមបណ្ដាស្រុក បម្រុងយកមកទូទាត់ឲ្យក្រុមហ៊ុន។ លោកបន្តថា លុយនោះដាក់ក្នុងកាបូប រួចទុកលើកៅអីរថយន្ត។ ពេលចូលដល់ក្រុមហ៊ុនខ្លួនបានចតរថយន្ត ហើយចុះទៅរៀបចំអីវ៉ាន់ខាងក្រោយ រួចដើរចូលទៅក្នុងក្រុមហ៊ុន ខណៈកញ្ចក់ទ្វារថយន្តបើកចំហរ។
លុះប៉ុន្មាននាទីក្រោយ ក៏ចេញទៅយកលុយពីក្នុងរថយន្ត ដើម្បីទូទាត់ឲ្យក្រុមហ៊ុន ក៏បាត់លុយនោះ ទើបមានការភ្ញាក់ផ្អើលតែម្ដង។ លោក ហ៊ន សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីបាត់លុយ ខ្លួនបានដាក់ការសង្ស័យទៅលើសន្តិសុខនោះ ព្រោះគ្មានមនុស្សផ្សេងចេញចូល ឬនៅក្បែរថយន្តក្រៅពីសន្តិសុខនោះទេ តែជននេះបានបដិសេធចំពោះការសង្ស័យនោះ។ លោកបានឆែកឆេរលើខ្លួនសន្តិសុខនោះ តែរកមិនឃើញលុយឡើយ។ លុះពេលប្ដឹងសមត្ថកិច្ច ទើបជននេះសារភាពនៅពេលហៅទៅសួរនាំ និងដកហូតលុយបានគ្រប់ចំនួនវិញ។
ជនសង្ស័យឈ្មោះ សេត គង់ បានសារភាពថា ខ្លួនពិតជាបានលួចលុយចំនួន៤០០៩ដុល្លានោះមែន ពេលដែលម្ចាស់លុយនោះនាំគ្នាដើរចូលទៅក្នុងក្រុមហ៊ុន។ ជននេះបានសារភាពទៀតថា ក្រោយពីលួចបាន ខ្លួនយកលុយនោះទៅលាក់ក្រោមស្មៅនៅខាងក្រៅរបងក្រុមហ៊ុនភ្លាមៗដែរ តែខ្លួនបាននាំសមត្ថកិច្ចទៅយកលុយនោះវិញគ្រប់ចំនួនហើយ។ លោក ឡាច វ៉ាន់ បាននិយាយដែរថា សកម្មភាពសន្តិសុខកំហូចរូបនេះ បានជាប់ក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ពេលលូកតាមប្រឡោះកញ្ចក់ យកលុយពីក្នុងកាប៊ីនរថយន្ដជាភស្ដុតាងយ៉ាងច្បាស់ក្រឡែត ទើបជននេះមិនអាចប្រកែកបាន។
ក្រោយពីសារភាពជននេះ ក៏បាននាំសមត្ថកិច្ចទៅបង្ហាញកន្លែងលាក់លុយក្រោមស្មៅ ខាងក្រៅរបងក្រុមហ៊ុនភ្លាមៗដែរ។ លោកថា លុយនោះរកឃើញវិញគ្រប់ចំនួន ហើយលោកមេបញ្ជាការខេត្ត ក៏បានសម្រេចប្រគល់ជួនជនរងគ្រោះវិញភ្លាមៗដែរ។ ចំណែកជនសង្ស័យឈ្មោះ សេត គង់ ត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕