ប្រជាពលរដ្ឋរស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បានអំពាវនាវឲ្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងស៊ីសង និងបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់។ ប្រភពពីប្រជាពលរដ្ឋភូមិទួលគោក បានឲ្យដឹងថា សមត្ថកិច្ចនគរបាលសង្កាត់ និងនគរបាលខណ្ឌ បង្ក្រាបល្បែងស៊ីសងនិងគ្រឿងញៀនក្នុងមូលដ្ឋានពួកគាត់ជាច្រើនលើក ប៉ុន្តែជាក់ស្ដែងបទល្មើសនៅតែកើតឡើងយ៉ាងរាលដាល។ មានន័យថាអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌ មិនទាន់ចាត់វិធានការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។
កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បានបង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទ ហើយឃាត់ខ្លួនជនសង្ស័យចំនួន២៩នាក់ ព្រមទាំងដកហូតគ្រឿងញៀន១៣កញ្ចប់ ទូហ្គេម៧គ្រឿង នៅចំណុចផ្លូវរថភ្លើងក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២៩នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ការបង្ក្រាបរបស់សមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង ព្រោះកន្លងមកល្បែងស៊ីសងនិងគ្រឿងញៀនក្នុងភូមិទួលគោក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ហើយបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម លួចឆក់ប្លន់ ក៏ដូចជាសកម្មភាពជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនរាលដាលគួរឲ្យភ័យខ្លាច។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិទួលសង្កែ បានរិះគន់ថា កន្លងមកមន្ត្រីអាជ្ញាធរសង្កាត់ ក៏ដូចជាសមត្ថកិច្ចនគរបាលសង្កាត់ មិនសូវយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខសង្គមនោះទេ ហេតុនេះហើយទើបហ្គេមបាញ់ត្រី ក៏ដូចជាល្បែងស៊ីសងផ្សេងៗទៀត និងបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនកើតឡើងឥតឈប់ឈរ។ ដោយមិនសូវមានជំនឿលើមន្ត្រីអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចនគរបាលខណ្ឌ ក្នុងការបង្ក្រាបបទល្មើសនៅភូមិទួលគោក ទើបប្រជាពលរដ្ឋអំពាវនាវឲ្យស្នងនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចាត់វិធានការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព។ ជាពិសេសត្រូវដាក់ទោសតាមច្បាប់ទៅលើក្រុមអ្នកបើកហ្គេមបាញ់ត្រី ក៏ដូចជាល្បែងស៊ីសងផ្សេងៗតាមច្បាប់ដើម្បីកុំឲ្យបទល្មើសទាំងនេះ រាលដាលកាន់តែខ្លាំងថែមទៀត៕