លោក ឆាយ វ៉ាត ជា​នាយទាហាន​ក្នុង​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣​នៅ​ខេត្តមណ្ឌលគិរី​ជួញដូរ​ឈើ​ប្រណីត​

08-August-2016 | ដោយ មែន កំសត់

 

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​នៅ​ចុង​សប្តាហ៍​នេះ​ថា​ឈើ​ប្រណីត​ជាច្រើន​ដុំ ត្រូវបាន​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា លោក ជុ​យ សុឃាង នាំយកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ក្រោយពី​ធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​របស់ លោក ឆាយ វ៉ាត ជា​នាយទាហាន​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ កងអនុសេនាធំ​លេខ​២ ស្ថិតក្នុង​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ឆាយ វ៉ាត ជា​មន្ត្រី​យោធា​បានធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ប្រណីត​ច្រើន​ឆ្នាំ​មកហើយ​ដោយបាន​លាក់ទុក​ឈើ​ប្រណីត​ដែល​ប្រមូល​ទិញ​បាន​ពី​ឈ្មួញ​ផ្សេងៗ​ក្នុង​ខេត្តមណ្ឌលគិរី​ដើម្បី​យកទៅលក់​បន្ត​ឱ្យ​ឈ្មួញ​យួន​។​

ជាក់ស្តែង​កាលពី​ថ្ងៃទី​០៤ សីហា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ឡោមព័ទ្ធ​ផ្ទះ លោក ឆាយ វ៉ាត ប្រមូលបាន​ឈើ​ប្រណីត​ចំនួន​៩០​ដុំ តែបើ​គិត​ជា​ម៉ែត្រគូប​នៅ​មិនទាន់​ដឹង​នៅឡើយ ដោយសារ​ខាង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា មិនទាន់​ធ្វើការ​វាស់វែង​។ សកម្មជន​បរិស្ថាន​បាន​បញ្ជាក់ថា​អ្នកធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ប្រណីត​ភាគច្រើន​គឺ​មន្ត្រី​ជំនាញ​ជា​អ្នកប្រព្រឹត្ត ព្រោះ​ប្រជាពលរដ្ឋ​មិនអាច​ធ្វើ​សកម្មភាព​បាន​ដូច​កាលពីមុន​ទៀតឡើយ ខណៈ​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី​មាន​ចំនួន​កាន់តែ​ខ្សត់​ទៅៗ​ដោយសារតែ​ការទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ពលរដ្ឋ​ខេត្តមណ្ឌលគិរី បាន​រិះគន់ថា បើ​ទោះ​កន្លងមក​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ក្តៅ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏ដោយ ក៏​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​គ្មាន​ការ​ថមថយ​ឡើយ ព្រោះ​មន្ត្រីជាន់ខ្ពស់​ដែល​រដ្ឋាភិបាល​ចាត់​ឲ្យ​មក​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បានធ្វើ​សកម្មភាព​មួយ​រយះ​ខ្លី​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បានបញ្ជាក់​សព្វថ្ងៃនេះ​សកម្មភាព​ជួញដូរ​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​ច្រករបៀង​តាម​ព្រំដែន​បានធ្វើ​សកម្មភាព​យ៉ាង​គគ្រឹក​គ្រេង​ឡើងវិញ​ហើយ​ដែល​បញ្ហា​ទាំងនេះ​ដូចជា​វែក​ចក​អ​ញ្ជឹ​ង​។ ពលរដ្ឋ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា បើ​គ្មាន​យន្តការ​ច្បាប់​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព នោះ​មន្ត្រី​ពុករលួយ​នឹង​នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ដដែល​ព្រោះ​សព្វថ្ងៃនេះ​ឈើ​ដែល​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​ព្រំដែន​សុទ្ធតែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​សេដ្ឋកិច្ច​និង​កងរាជអាវុធហត្ថ​ជាដើម​៕

 

ចំនួនអ្នកទស្សនា

    20590627

  • ថ្ងៃនេះ3191
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33021
  • ខែនេះ148171
  • ឆ្នាំនេះ148171
  • សរុប20590627