កំពត៖ កុដិមួយខ្នង ស្ថិតនៅទីអារាម វត្តគិរីឱសថទឹកជប់ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ត្រូវអគ្គិភ័យបំផ្លាញខ្ទេច កាលពីវេលាទៀបភ្លឺថ្ងៃ ទី៨ ខែសីហា ឆ្នាំ២០១៦ ខណៈដែលព្រះសង្ឃជាម្ចាស់មិនបានគង់នៅ។
សមត្ថកិច្ចមិនទាន់កំណត់ពីមូលហេតុ ដែលនាំឱ្យកើតក្តីអន្តរាយនេះនៅឡើយទេ ស្របនឹងប្រជាពលរដ្ឋសំណូមពរ ឱ្យមានការស៊ើបអង្កេតដ៏ស៊ីជម្រៅ ត្បិតក្នុងទីអារាមមួយនេះ បាន និងកំពុងកើតឡើងនូវទិដ្ឋភាពមានន័យ ហាក់ដូចជាខ្លាឈ្មោលពីរ នៅលើភ្នំតែមួយ។
តាមការប្រាប់ឱ្យដឹង ពីមន្ត្រីការិយាល័យធម្មការស្រុកទឹកឈូ ថា កាលពីវេលាម៉ោង ជិត៥ ទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ អគ្គិភ័យមួយបានឆេះខ្ទេច នូវកុដិរបស់ព្រះតេជគុណ ព្រះនាមដូង សភារាជ អតីតចៅអធិការវត្តគិរីឱសថទឹកជប់ ។ នាពេលភ្លើងឆាបឆេះនោះ ព្រះអង្គជាម្ចាស់កុដិ មិនបានគង់នៅទេដោយនិមន្តចេញក្រៅ តាំងពីរសៀល ថ្ងៃទី៧ ខែសីហា ម្ល៉េះ។ មន្ត្រីដដែលបានបន្តថាករណីនេះ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា មិនទាន់កំណត់បានជាក់លាក់ពីមូលហេតុ ដែលនាំឱ្យកើតគ្រោះអគ្គិភ័យនេះនៅឡើយទេ ។
ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ប្រជាពលរដ្ឋសំណូមពរ ចំពោះសមត្ថកិច្ចឱ្យមានការស៊ើបអង្កេត បែបស៊ីជម្រៅបំផុត ទាំងការនិមន្តចេញ របស់ព្រះអងជាម្ចាស់កុដិ ដោយព្រះចៅអធិការ មិនបានដឹងនាអំឡុងកាន់ព្រះវស្សា ទាំងហេតុការណ៍ ដែលបានកើតឡើង ខណៈអរិភាពកើតមានពេញបន្ទុក ក្នុងទីអារាមមួយនេះ ព្រោះសូម្បីចៅអធិការ និងព្រះអង្គជាម្ចាស់កុដិក៍មិននិយាយ ព្រមទាំងឆាន់ជាមួយគ្នាដែរ ៕