មេព្រៃ​ត្បូងឃ្មុំ​អនុញ្ញាត​ឲ្យ​ម្ចាស់​ដេប៉ូ​ឈើ​ទិញ​ឈើ​អត់​ច្បាប់ ដោយ​សេរី​ ​

08-August-2016 | ដោយ មែន កំសត់

 

​​ត្បូងឃ្មុំ​​៖ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ និង​ម្ចាស់​ដេប៉ូ​ឈើ​ប្រមូល​ទិញ​ឈើ ដែល​គ្មាន​ច្បាប់ ដែល​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង ក្នុង​មួយថ្ងៃៗ ហើយ​បានអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ឆ្លងកាត់ ទៅ​លក់​តាម​ខេត្ត​មួយចំនួនទៀត​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់ ទាំង​ថ្ងៃ ដោយ​សេរី​គ្មាន​ការបង្ក្រាប​ឡើយ ។  ប៉ុន្តែ​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រូចឆ្មារ បាន​ឆ្លើយថា​ពិត​មាន​ឈ្មួញ​ដឹក​ជ​ញ្ជួ​ន​ឈើ​ខុសច្បាប់ ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​មែន ។  តែ​រូបភាព​នៃ​ការដឹក​ជ​ញ្ជួ​ន​នោះ​វា​ជា​លក្ខណ​:​តូចតាច​ប៉ុណ្ណោះ គឺ​ពិបាក​បង្ក្រាប និង​ទប់ស្កាត់​ណាស់ ។​
​    ​
​    ​ប្រភពព័ត៌មាន​ក្រុម​អ្នកស៊ីឈ្នួល​ដឹក​ជ​ញ្ជួ​ន​ឈើ​តាម​រ៉ឺម៉ក បាន​ឲ្យ​ដឹង​នាពេល​ថ្មីៗ​នេះ ថា​អ្នកដឹកឈើ​ពី​ស្រុក​សម្បូរ ខេត្តក្រចេះ តាម​រ៉ឺម៉ក​ម៉ូតូ​ភាគច្រើន យកមក​លក់​នៅតាម​ដេប៉ូ​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​ខេត្ត​ព្រៃវៃង ជាដើម ។ នេះ​គឺ​ស៊ីឈ្នួល​ដឹក​ឲ្យ​ដឹក​លក់​ចែកចាយ ឲ្យ​ឈ្មួញ​ធំ​ម្នាក់​ឈ្មោះ​កុល ផ្ទះ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ដោយ​ក្នុង​មួយ​ជើង​ទទួល បាន​ឈ្នួល​តម្លៃ​បួន​ម៉ឺន​រៀល គឺ​ដឹកជញ្ជូន​តែ​ពេល​ថ្ងៃ​ទេ​ពេលយប់​សម្រាក ។​

​    ​ប្រភពព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ដឹកជញ្ជូន​ឈើ​មួយ​លើកៗ នៃ​រ៉ឺម៉ក​ម៉ូតូ​អាច​ផ្ទុក​បាន​ពី​ពីរ​ទៅ​បី​ម៉ែត្រគូប ឈើ​អារ​ហើយ​ស្រេច ជា​ប្រភេទ​លេខ​១ និង​ជា​ឈើ​ស្រឡៅ ភាគច្រើន​ដឹក​លក់​ចែកចាយ​ឲ្យ​ខេត្ត​ត្បូងឃ្មុំ មាននៅ​ក្រុង​សួង ស្រុក​អូ​រាំង​ឪ ជាដើម ។ ខេត្តកំពង់ចាម មាននៅ​ស្រុក​កោះសូទិន  ស្រុក​ស្រី​សន្ធរ និង ខេត្តព្រៃវែង លក់​តាម​ដេប៉ូ​នៅ​ស្វាយ​អ​ន្ទ​រ និង ព្រែក​សណ្តែក ។  ប៉ុន្តែ​នៅតាម​ផ្លូវ​ឆ្លងកាត់​មាន​សមត្ថកិច្ច​មេព្រៃ ប៉ូលិស​ចាំ​ទារ​តាម​ដងផ្លូវ​ច្រើន​កន្លែង ។ ពិសេស​នៅ​ខេត្ត​ត្បូងឃ្មុំ ដូចជា​ក្នុងស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ។ តែ​ពុំ​ដឹង​អស់​ប៉ុន្មាន​ទេ​ក្នុង​មួយ​រ៉ឺម៉ក​ម៉ូតូ​នោះ គឺ​មេ​ខ្លួន​ឈ្មោះ កុល ជា​អ្នក​តាម​រត់​ការណ៍​ឲ្យ​លុយ​សមត្ថកិច្ច​ទាំងនោះ​។​
​    ​
​    ​ប្រភពពី​ឈ្មួញ​ឈើ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ដែរ​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​កែច្នៃ និង​រ៉ឺ​ម៉ូតូ យកមក​លក់​តាម​ដេប៉ូ​តាម​ខេត្ត ដូច​បាន​រៀបរាប់​ខាង  គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ។ ដោយ​អ្នកជា​ឈ្មួញ​បាន​ប្រមូល​ទិញ​ពី​ក្នុងព្រៃ​អារ ហើយ​ជា​ប្រភេទ​ឈើ​ស្រឡៅ ក្នុង​មួយ​ម៉ែត្រគូប តម្លៃ ៨០​ម៉ឺន​រៀល ហើយ​យកមក​លក់​វិញ​បាន​១៤០ ទៅ​១៥០​ម៉ឺន​រៀល  ។​ក្នុង​នោះបាន​រត់ការ​ណ៍​ឲ្យ​សមត្ថកិច្ច​តាមផ្លូវ​មួយអង្គ​ភាព ពី​៦​ទៅ​៨​ម៉ឺន​រៀល​ក្នុង​គោយន្ត​ដឹកជញ្ជូន​ឈើ​មួយគ្រឿង និង សម្រាប់​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ​មួយគ្រឿង​ពី​២​ទៅ​៣​ម៉ឺន​រៀល​។​
​    ​
​    ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា ចំណែក​ដេប៉ូ​ឈើ​ដែល​ប្រមូល​ទិញ​ឈើ​ដឹក​តាម​គោយន្ត​រថយន្ត​សាំង​យ៉ុង កែច្នៃ (​សាំង​យ៉ុង​យី​ឌុប​)  និង រ៉ឺម៉ក​ម៉ូតូ​ទាំងអស់នោះ​មាន នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មាន​ដេប៉ូ​ឈើ ឈ្មោះ​ថាំង​,​ឈ្មោះ​ហុច និង​ឈ្មោះ​អូន ។ នៅ​ជី​ហែ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដេប៉ូ​ឈើ​ឈ្មោះ​តា​ឡឹង ,​តា​សេង និង​ឈ្មោះ​ហួត ។ ក្រៅពីនោះ​ដេប៉ូ​ជាច្រើន​កន្លែង​ទៀត​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ព្រែក​សណ្តែក ខេត្តព្រៃវែង គឺជា​ឈើ​អត់​ច្បាប់  ឬ​អត់​ពាក់​មី​ដែល​បាន​ដឹក​ឆ្លងកាត់​ផ្លូវ របស់​ខេត្ត​ត្បូងឃ្មុំ និង​ដែល​មេព្រៃ​គ្មាន ការបង្ក្រាប​ទប់ស្កាត់​នោះទេ ។
​    ​    ​គួរ​បញ្ជាក់ថា កាលពីមុន​មិនទាន់មាន​ការបង្ក្រាប​ឈើ​ប្រណីត ជា​ទ្រង់ទ្រាយ​ធំ នៅ​ភូមិភាគ​ឦសាន ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម កន្លងមក​នោះ គឺ​ដេប៉ូ​ឈើ​ទាំង​ប៉ុន្មាន​ដូច​បាន​ជំរាបជូន​ខាងលើនេះ ពួកគាត់​ទទួល​ទិញ​ឈើ​ច្បាប់ ឬ​ពែ​កមី ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា​ស៊ឹង សំអុល និង ក្រុមហ៊ុន​របស់​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ដែល​ដឹក​តាម​រថយន្ត​ចំណុះ​ភ្លៅ​ប្រាំ ឬ​យី​ឌុប ។ ម្យ៉ាង​ខាង​សាធារណការ និង​ដឹកជញ្ជូន​បាន​រឹតបន្តឹង​ផ្ទុក​លើស​ទម្ងន់ ទើប​ពុំ​សូវ​ឃើញ​រថយន្ត​ធុន​ធំ​ទាំងនោះ គឺ​បែរជា​លេចចេញ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ កើតឡើង​យ៉ាង​ព្រោងព្រាត តាម​រូបភាព​គោយន្ត​កែច្នៃ រថយន្ត​សាំង​យ៉ុង​កែច្នៃ​ទៅជា​យី​ឌុប ឬ​សាំង​យ៉ុង​ធម្មតា​ប៉ុន្តែ​ដោះ​កៅអី​ចេញ និង​តាម​រ៉ឺម៉ក​ម៉ូតូ ។​
​    ​
​    ​ទាក់ទង​នឹង​រឿង​ឈ្មួញ​ឈើ​ដឹកជញ្ជូន​ឈើ​អត់​ច្បាប់​តាម​គោយន្ត និង​រ៉ឺម៉ក​ម៉ូតូ​ឆ្លងកាត់​មក​លក់​ចែកចាយ​ឲ្យ​ដេប៉ូ​ខាងលើ​លោក នង​រ៉ានី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រូចឆ្មារ បាន​ឆ្លើយ​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៦ ខែសីហា គឺ​មុន​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត លោក​បាន​អស់​សំណើ​ហើយ​ពោលថា​ឃើញតែ​អ្នកកាសែត​សួរ​មកកាន់​ច្រើន​គ្នា គឺ​ផ្តោត​តែ​មកលើ​រូបលោក គឺ​ពិត​ជាមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មែន ។ ប៉ុន្តែ​ការដឹក​ជ​ញ្ជួ​ន​នោះ ជា​រូបភាព​តូចតាច​បើ​បង្ក្រាប ទៅ​យើង​បារម្ភ មានការ​ប៉ះទង្គិច និង​បង្ក​ភាព​រញ៉េរញ៉ៃ កើតឡើង​ដូច​ការបង្ក្រាប​នៅ​ខេត្តក្រចេះ នាពេល​ថ្មីៗ​នេះ​។​
​    ​
​    ​លោក​នង រ៉ានី បាន​ឆ្លើយ​បកស្រាយ​ទៀតថា បញ្ហា​ចោទប្រកាន់​លើ​សមត្ថកិច្ច បាន​ចាំ​ទារលុយ ពី​រ៉ឺម៉ក និង​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ ពិតជា​មាន​មែន ។ ប៉ុន្តែ​ខាង​កូនចៅ​លោក មិន​ទារ​ច្រើន​ម៉ឺន​រៀល ដូច​ការចោទប្រកាន់​ទេ គឺ​តែ​ពី​៥.០០០​ទៅ​១០.០០០​រៀល ។ ចំណែក​ខាង​មន្ត្រី​ផ្នែក និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​មន្ត្រីនគរបាល​ជាច្រើន​កន្លែង ក្នុង​រូបភាព​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​មាន​ដល់​ទៅខាង​មន្ត្រី​អយ្យការ​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ទៀតផង​ដែរនោះ គឺ​ពុំ​ដឹងថា​គេ​ទារលុយ​ពី​ឈ្មួញ​ឈើ​ប៉ុន្មាន​ទេ​។​
​    ​
​    ​ប៉ុន្តែ​នៅ​រសៀល ថ្ងៃទី​០៦ សីហា ដដែល បាន​ទំនាក់ទំនង​ទៅកាន់​លោក​សួ ដាវី ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ គឺ​លោក​បានទទួល​ទូរស័ព្ទ ហើយ​អ្នកកាសែត​បាន​ណែនាំ​ខ្លួន គាត់​ឆ្លើយថា​ស្តាប់​ពុំបាន ហើយក៏​ចុច​បិទ​ការសន្ទនា និង​មិន​ព្រម​ទទួល​ការហៅ​ចូល​ជា​ច្រើនដង បើទោះជា​យើង​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ការទិញ​ឈើ​អត់​ច្បាប់ ពី​សំណាក់​ម្ចាស់​ដេប៉ូ​ឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ៕

 

ចំនួនអ្នកទស្សនា

    20592367

  • ថ្ងៃនេះ4931
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34761
  • ខែនេះ149911
  • ឆ្នាំនេះ149911
  • សរុប20592367