សៀមរាប៖ព្រះសង្ឃប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ក្រុមមនុស្សទុច្ចរិតជិត២០នាក់ដែលរៀបគម្រោងសែនព្រេនបម្រុងលួចគាស់កំណប់ក្នុងវត្ត។ក្រុមនោះធ្វើដំណើរដោយរថយន្តទំនើបចំនួន៦គ្រឿងបាននាំគ្នាដឹកមាន់ទានិងក្បាលជ្រូកយកទៅសែនព្រេនក្នុងវត្តសសរស្តម្ភបម្រុងលួចគាស់កំណប់តែត្រូវព្រះសង្ឃនិងប្រជាពលរដ្ឋប្រកាសអាសន្នរហូតសមត្ថកិច្ចប្រដេញចាប់រត់ឡើងឡានបាតជើងសព្រាតកាលពីកណ្តាលអាធ្រាត្រថ្ងៃទី៧ខែសីហាឆ្នាំ២០១៦។
អធិការនគរបាលស្រុកពួកបានឲ្យដឹងថាពិតជាមានហេតុការណ៍នោះមែន កាលពីយប់កណ្តាលអាធ្រាត្រថ្ងៃទី៧ខែសីហាឆ្នាំ២០១៦ មានមនុស្សប្រមាណជា២០នាក់និងរថយន្ត៦គ្រឿងប្រភេទហាយឡិនឌ័រ លុចស៊ិស២គ្រឿង អ៊ីស៊ុយស៊ុយ មួយបាំងកន្លះ មួយគ្រឿងនិង កាមរី៣គ្រឿង។ពួកគេនាំគ្នាដឹកមាន់ទានិងក្បាលជ្រូករួមទាំងផ្លែឈើផងយកទៅសែនព្រេនមុខខ្ទមអ្នកតាក្នុងវត្តសសរស្តម្ភឃុំសសរស្តម្ភនៃស្រុកពួកគោលបំណងលួចគាស់កំណប់សំរិទ្ធ។
ប៉ុន្តែមិនទាន់បានធ្វើសកម្មភាពគាស់ផង ក៍ត្រូវព្រះសង្ឃគណៈកម្មការវត្តឃើញ នាំគ្នាប្រកាសអាសន្នផ្អើលពលរដ្ឋឈូឆរហើយកំលាំងនគរបាលចេញជួយអន្តរាគមន៍ក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួនអស់។
លោកបន្តថាក្នុងពេលក្រុមជនសង្ស័យរត់គេចខ្លួនសមត្ថកិច្ចបានរកឃើញឯកសារចំនួន១២សន្លឹកនៅក្បែរកន្លែងសែនឯកសារនេះអាចបង្ហាញអំពីអត្តសញ្ញាណជនសង្ស័យបានខ្លះៗហើយសម្រាប់កំណត់មុខសញ្ញា ប៉ុន្តែពុំអាចទាន់បរិយាយកើតនោះទេ។
លោកបញ្ជាក់ថាទោះបីក្រុមជនសង្ស័យមិនទាន់ធ្វើសកម្មភាពជីកបានដោយជោគជ័យហើយមិនទាន់ដឹងទីតាំងកំណប់នោះនៅកន្លែងណាពិតប្រាកដដោយគ្រាន់តែល្បីថាកំណប់នោះគេបានកប់ទុកតាំងពីសម័យប៉ុលពត។ប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះយ៉ាងល្អិតល្អន់តាម អត្តសញ្ញាណដែលបន្សល់ទុកកន្លែងកើតហេតុ។
ទោះជាយ៉ាងក្តី ប្រជាពលរដ្ឋក្នុងភូមិ រួមទាំងព្រះសង្ឃក្នុងវត្តសម្តែងការព្រួយបារម្មណ៏ ចំពោះវត្ថុក្នុងវត្តដោយលើកឡើងថានៅសុខៗមានក្រុមទុច្ចរិទ្ធមកធ្វើបែបនេះដោយគ្មានខ្លាចរអារ។សកម្មភាពនេះមិនដឹងថាថ្ងៃក្រោយមានអ្វីកើតឡើងទៀត នៅក្នុងវត្តសសរស្តម្ភនោះ៕