ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តដឹកកម្មករប្រមាណ៤០-៥០នាក់បានបើកយ៉ាងលឿនបុកចូលផ្ទះប៉ះកង់មួយកន្លែងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តដឹកកម្មករ-កម្មការិនីបានបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈដល់ផ្លូវកោង និងដោយល្បឿនលឿនផងនោះក៏ជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង ។
សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យកម្មការិនីម្នាក់ឈ្មោះ ឃន វន្នី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិហ្លួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលចូលទៅប៉ះកង់ម៉ូតូនៅផ្ទះកើតហេតុស្លាប់យ៉ាងអាណោចអាធ័ម និងកម្មករ-កម្មការិនី១០នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ត្រូវបានសមត្ថកិច្ចអះអាងថាត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តហើយ ៕