​មេព្រៃ​សៀមរាប​ចាប់ខ្លួន​ប៉េអឹម​ស័ក្តិ​៤​ខេត្តកំពង់ធំ​ម្នាក់​បើកឡាន​កាង​ឡាន​ដឹកឈើ​គ្រញូង​រាំងផ្លូវ​សមត្ថកិច្ច​

09-August-2016 | ដោយ មែន កំសត់

 

  ​សៀមរាប​​៖ប៉េអឹម​ពាក់​ស័ក្តិ​៤​ខេត្តកំពង់ធំ​ម្នាក់ ដែលមាន​តួនាទី​ជា​ជំនួយការ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ផង​នោះ បាន​ត្រូវ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ចាប់​ក្របួច​វាយខ្នោះ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​បន្ទាប់ពី​ជននេះ​បើកឡាន​របស់ខ្លួន​កាង​ឡាន​ដឹកឈើ​គ្រញូង​រាំងផ្លូវ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​ហេតុការណ៍​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​នេះ​ធ្វើឡើង​ចាប់ពី​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៦​តាំងពី​ចំណុច​ស្រុក​បន្ទាយស្រី​រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​ចាប់បាន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ក្នុងស្រុក​ប្រាសាទបាគង​នៃ​ខេត្តសៀមរាប​។​មន្ត្រី​ប៉េអឹម​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ​សេង​ប៊ុន​តេង​មាន​ថា​នន្ត​រៈ​ស័ក្តិ​វរ​សេនី​យ៏​ត្រី​មាន​តួនាទី​ជា​ជំនួយការ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ហង្ស​ថុល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។​

​លោក​ម៉ុង​ប៊ុន​លីម​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែល​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​លោក​ប៉េអឹម​ស័ក្តិ​៤​នេះ​ដំបូង​សមត្ថកិច្ច​បាន​ស្ទាក់ចាប់​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​១​គ្រឿង​(​ដឹកឈើ​គ្រញូង​)​ខណៈនោះ​លោក​ស័ក្តិ​៤​ប៉េអឹម​រូបនេះ​បាន​បើករថយន្ត​ធុន​លិច​ស៊ិ​ស ៤៧០​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L9861​ពណ៍​ខ្មៅ​របស់ខ្លួន មក​ពាំង​ពីមុខ​រថយន្ត​សមត្ថកិច្ច​។​

​លោក​ម៉ុង​ប៊ុន​លីម​បាន​បន្តថា​រថយន្ត​លោក​ប៉េអឹម​១​គ្រឿង​នេះ​បើក​រ៉េ​ពេញ​ថ្នល់​ពាំង​ឆ្វេង​ស្តាំ​ធ្វើ​ឲ្យ​រថយន្ត​សមត្ថកិច្ច​ចំនួន​៣​គ្រឿង​មិនអាច​ឡើង​ស្ទាក់ចាប់​រថយន្ត​ដឹក​បទល្មើស​បាន​។​ក្នុង​គ្រា​ដែល​សមត្ថកិច្ច​នៅតែ​បន្ត​ដេញចាប់​រថយន្ត​ដឹក​បទល្មើស​ប៉េអឹម​រូបនេះ​បាន​ហៅ​រថយន្ត​បក្ខពួក​របស់គេ​១​គ្រឿង​ទៀត​ម៉ាក​កាមរី​ឆ្លាម​មកជួយ​រាំងផ្លូវ​រហូត​រថយន្ត​ដឹក​បទល្មើស​រត់គេច​បាត់​។​

លោក​បន្តថា​ក្នុង​ស្ថាន​ការ​នោះ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បញ្ជា​ឲ្យ​ចាប់​រថយន្ត​ដែល​រារាំង​ដំណើរការ​បង្ក្រាប​បទល្មើស​របស់​សមត្ថ​កិច្ច​ហើយ​ក្រុម​សមត្ថកិច្ច​ក៏បាន​ដេញ​ស្ទាក់ចាប់​រថយន្ត​ឡិច​ស៊ិ​សរ​បស់​ប៉េអឹម​រូបនេះ ឆ្វែល​ពេញ​ក្រុង​សៀមរាប រហូតដល់​ចំណុច ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​ទើប​ចាប់បាន​។​
​    ​
​លោកនាយ​ផ្នែក​ឲ្យ​ដឹង​ទៀតថា ក្នុងពេល​ចាប់​ឃាត់ខ្លួន​មន្ត្រី​ប៉េអឹម​ខាងលើនេះ គឺ​បាន​ដកហូត​រថយន្ត​ឡិច​ស៊ិ​ស​៤៧០​មួយគ្រឿង អាយកូម​១​គ្រឿង​ស្រោម​កាំភ្លើងខ្លី​ចំនួន​២​ខ្នោះដៃ​ចំនួន​២​សាង​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់កាំភ្លើង​ខ្លី​ម៉ា​កឡុក​១៤​គ្រប់​និង​កង់​សា​គួ​រថយន្ត​ចំនួន​២​។ ជនជាប់សង្ស័យ ក្រោយពេល​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​ហើយនឹង​ត្រូវ​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​នេះ រួមទាំង​វត្ថុតាង​ដែល​ដកហូត​ផង ដើម្បី​ចាត់ការ​បន្ត​។​
​    ​
​ក្រោយពេល​ចាប់ខ្លួន​លោក​ស័ក្តិ​៤​ប៉េអឹម​ឈ្មោះ​សេង​ប៊ុន​តេង​ក៍​ធ្លាយ​ព័ត៌មាន​ថា​ប៉េអឹម​រូបនេះ​ក្រៅពី​ចេញ​ចាប់​បទល្មើស​ព្រៃឈើ​និង​បទល្មើស​ផ្សេងៗ​ដើម្បី​ទារប្រាក់​នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ រូបគេ​ក៏​ជា​មេខ្លោង​ដ៏​ធំ​ម្នាក់​ដែល​តែងតែ​យក​តួនាទី ទៅ​កាង​រថយន្ត​ដឹក​បទល្មើស​ឈើ​គ្រញូង ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ខេត្តព្រះវិហារ​និង​ខេត្តសៀមរាប​ផងដែរ ដោយ​នាំយក​ទៅកាន់​ព្រំប្រទល់​ប្រទេស​វៀតណាម​ឯ​ខេត្ត​ត្បូង​ឃុំ​។

 ការនាំ​ក្បួន​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ របស់លោក​ប៉េអឹម​ឈ្មោះ​សេង ប៊ុន​តេង ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំនេះ ក៏​ធ្លាប់​បង្ក​គ្រោះថ្នាក់ រហូត​បាត់​បង់ជីវិត​មនុស្ស​ផងដែរ​។​មិនតែប៉ុណ្ណោះ​ក្បួន​រថយន្ត​ដឹកឈើ​គ្រញូង​របស់គេ​ក៏​ធ្លាប់​ជួប​ប្រទូស​សា​រ៉ា​យ​ជាមួយ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ចំនួន​៣​ខាងលើ​ផងដែរ​។​

​ប៉ុន្តែ​រាល់ពេល​កើតហេតុ​ម្តងណា​ក៏​រូបគេ​ជួប​សំណាងល្អ​រហូត​ដោយសា​តែ​សមត្ថកិច្ច​តាម​ដងផ្លូវ​ទាំងនោះ​ខ្លាច​អំណាច​អ្នក​នៅក្រោយ​ខ្នង​លោក​ស័ក្តិ​៤​រូបនេះ​។ ចឹ​ង​ទេ​ម្តងនេះ គេ​មិនដឹងថា​វាសនា​លោក​ស័ក្តិ​៤​ទៅជា​យ៉ាងណា​..?​។ ត្រូវ​ដេក​គុក​យូ​ឬ​ឆាប់ ..!​។ ប៉ុន្តែ​បើតាម​ក្រសែភ្នែក​ដែល​បង្ហាញ​អំពី​ការ មិន​តក់ស្លុត​របស់គេ នៅពេល​ចាប់ខ្លួន អាច​ដេក​ក្នុង​គុក មិនបាន​យូ​ក៏​អាច​ថា បាន​៕

 

ចំនួនអ្នកទស្សនា

    20590337

  • ថ្ងៃនេះ2901
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32731
  • ខែនេះ147881
  • ឆ្នាំនេះ147881
  • សរុប20590337