ខេត្តព្រះសីហនុ ៖ ក្រុមភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋជាច្រើនបានសម្តែងការខកចិត្ត ប្រកបដោយភាពសោកស្តាយ និងបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើស្ថាប័នពាក់ព័ន្ធ គ្រាដែលបានឃើញក្រុមភ្ញៀវទេសចរណ៍អន្តរជាតិ បានថតផ្តិតយកនូវរូបភាពគំនរសំរាម នៅក្នុងចំណតរថយន្តមុខផ្សារលើ ក្រុងព្រះសីហនុ បន្ទាប់ពីពួកគេចុះពីនាវាមកកម្សាន្តនៅក្នុងផ្សារ កាលពីព្រឹកថ្ងៃទី០៨ ខែសីហានេះ។ លោក រ៉ា វុធ និង សាវុន ជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុដែលបានមកអង្គុយញាំអាហារពេលព្រឹក នៅក្បែរចំណតរថយន្តនោះ បានបង្ហាញទស្សនៈថា ពួកគាត់ហាក់មានការខ្មាសអៀន ចំពោះភ្ញៀវទេសចរណ៍យ៉ាងខ្លាំង នៅពេលបានឃើញ ពួកគេលើកម៉ាស៊ីនថត គំនរសំរាមជាច្រើនស្ទើរក្លាយជាភ្នំ បន្ទាប់ពីពួកគេបានមកដល់ទឹកដីទេសចរណ៍ដ៏ពិសិដ្ឋមួយនេះ។
ប៉ុន្តែពួកគេត្រូវបានផ្តិតយកនូវរូបសំរាម ក្នុងខ្សែភ្នែកដំបូងទៅវិញ។ ពួកគាត់ពុំដឹងថា អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធយល់ឃើញយ៉ាងណានោះទេបានជាបណ្តែតបណ្តោយឲ្យគំនរសំរាមកើតមាននៅក្នុងទីប្រជុំជនទៅវិញ។ ជារឿយៗគេតែងបានឮអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ បានប្រកាស និងបង្ហាញផ្តត់គំនិតយ៉ាងជាក់លាក់ថា ស្រលាញ់បរិស្ថានណាស់ មានបរិស្ថាន មានសុខភាព បរិស្ថានល្អ នាំមកនូវភ្ញៀវទេសចរណ៍ប៉ុន្តែហេតុអីបានគំនរសំរាមស្ទើរក្លាយជាភ្នំរាប់ខែទៅហើយ ពុំមានអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធចេញមកធ្វើការដោះស្រាយទៅវិញ។
ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ស្រេង ប្រធានគ្រប់គ្រងក្រុមហ៊ុនស៊ិនទ្រី ប្រចាំខេត្តព្រះសីហនុអះអាងថា ចំពោះមូលហេតុដែលក្រុមហ៊ុនពុំបានមកយកសំរាមទីនោះដូចយកកន្លែងផ្សេងព្រោះសំរាមនៅចំណុចនោះពុំមាននរណាបង់ថវិកាមកក្រុមហ៊ុនទេ បើទោះបីជាចំណតរថយន្តនោះមានអ្នកគ្រប់គ្រងត្រឹមត្រូវយ៉ាងណាក្តី ប៉ុន្ដែពួកគេពុំខ្វល់ទៅនឹងការឧបត្ថមនោះទេ ដូចនេះទើបគាត់ទុកចោល យូៗទើបមកយកម្តងនៅពេលរថយន្តទំនេរ។ ដោយឡែកលោក សីហា មន្ត្រីសាលាក្រុងទទួលបន្ទុក បរិស្ថាន បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងសំរាមក្នុងចំណតរថយន្តនេះ ជាបន្ទុករបស់ក្រុមហ៊ុនរស្មីបូព៌ា ប៉ុន្តែកន្លងមក អាជ្ញាធរក្រុងធ្លាប់ហៅតំណាងក្រុមក្រុមហ៊ុនរស្មីបូព៌ា និងតំណាង ក្រុមហ៊ុនស៊ិនទ្រី មកធ្វើការចចារគ្នា ម្តងជាពីដងដែរប៉ុន្តែភាគីក្រុមហ៊ុនរស្មីបូព៌ា ពុំមានកាឆ្លើយតបនោះទេ ហើយនៅថ្ងៃនេះលោកនឹងកោះហៅតំណាងក្រុមហ៊ុនមកម្តងទៀត បើក្រុមហ៊ុនរស្មីបូព៌ានៅតែពុំទទួលខុសត្រូវទៀត នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ដោយពុំមានការលើកលែងនោះទេ។
ឆ្លើយតបទៅនឹងការចោទសួររបស់ក្រុមអ្នកព័ត៌មាន លោកឧកញ៉ា សូជុង ហ៊ួ ប្រធានក្រុមហ៊ុនរស្មីបូព៌ា បានឆ្លើយថា កន្លងមកលោកធ្លាប់ឲ្យកូនចៅរបស់លោកបង់ជូនក្រុមហ៊ុនស៊ិនទ្រីដែរ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនស៊ិនទ្រីអះអាងថាក្រុមហ៊ុនរបស់លោកពុំបានបង់ទៅវិញ លោកក៏ពុំច្បាស់ដែរ ចាំលោកហៅកូនចៅមកសួរនាំ ព្រោះលោករវល់កិច្ចការផ្សេងៗជាច្រើនពុំសូវបានដឹងអំពីបញ្ហានេះទេ៕