ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី០៩ សីហា ស្ថិតនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ពាក់ព័ន្ធក្នុងករណីគាស់ផ្ទះប្រជាពលរដ្ធម្នាក់ លួចយកទ្រព្យសម្បត្តិកាលពីជិត
មួយសប្ដាហ៍កន្លងមក ។
ជនសង្ស័យឈ្មោះម៉េង ដារ៉ា ហៅលិប អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ខាងលើ ។ ជននេះ ត្រូវកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តឃាត់ខ្លួន បន្ទាប់ពីសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងករណីគាស់ទម្លុះទម្លាយផ្ទះលួចយកទ្រព្យសម្បតិ្តប្រជាពលរដ្ឋម្នាក់ឈ្មោះជា ច័ន្ទនី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣សីហា កន្លងមក ហើយក៏ត្រូវមន្ត្រីជំនាញធ្វើការស្រាវជ្រាវភ្លាមៗ ក្រោយពីកើតហេតុ ទើបឈានដល់ការឃាត់ខ្លួន។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិជនរងគ្រោះមែន ហើយនិយាយទៀតថា ដោយយកដំបងឈើជ្រុងគាស់បង្អូច ដើម្បីចូលលួច តែគាស់មិនបាន ក៏ឡើងលើដំបូលបើកក្បឿងចូលវិញ។ ជនបញ្ជាក់ថា ខ្លួនព្យាយាមតាំងពីម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង៣ទៀបភ្លឺឯណោះ ទើបចូលលួបានសម្រេច ហើយបើកទ្វារខាងមុខដើរចេញតាមសម្រួល ខណៈម្ចាស់ផ្ទះដេកមិនកម្រើកបន្តិចសោះឡើយ ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា គាត់មិនបានឮសម្រិបអ្វីបន្តិចសោះ ពេលត្រូវចោរចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ ព្រោះពេលនោះ ក្រុមគ្រួសារគាត់កំពុងដេកលក់ ។ គាត់និយាយថា លុះព្រឹកឡើងពេលងើបពីដំណេកទើបបានដឹង ពេលឃើញបាត់ទ្រព្យសម្បត្ត និងមានស្នាមគាស់ទ្វាបង្អូច រីឯទ្វារផ្ទះ ក៏ចំហរទៀត ។ រីឯទ្រព្យសម្បត្តិដែលបាត់បង់ មានឡេបថប់ចំនួន២គ្រឿង និងទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ១គ្រឿង។