កំពង់ចាម:៖ អគ្គិភ័យមួយ ដែលបណ្តាលមកពីឆ្លងចរន្តអគិ្គសនី បានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងនៅភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់កាលពីព្រលប់ថ្ងៃទី ០៩ ខែសីហាឆ្នាំ២០១៦។ ប៉ុន្តែគ្រោះអគ្គិភ័យនោះ មិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ គឺឆេះអស់ផ្ទះសង់ពីឈើប្រក់ក្បឿងប្រមាណ ៨០ភាគរយ និង សម្ភារ:សម្បត្តិមួយចំនួន។
លោកវរសេនីយ៍ ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថាផ្ទះ ដែលភ្លើងឆេះស្ទើរអស់នោះ មានទំហំ៨ម៉ែត្រ គុណនឹង១២,៥០ម៉ែត្រ ជាកម្មសិទ្ធិរបស់ ស្ត្រីឈ្មោះយាន ថានណា អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ ។
បើតាមការប្រមូលព័ត៌មាន ករណីភ្លើងឆេះនេះ ផ្តើមពីការឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ដែលឆេះនោះតែម្តង ។ លោកអធិការបានឲ្យដឹងទៀតថា ក្នុងការសង្គ្រោះពន្លត់អគ្គិភ័យ ដើម្បីបញ្ជៀសការឆេះរាលដាលទៅលំស្ថានផ្សេងទៀត នោះយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង: រថយន្តនគរបាលស្រុកចម្ការលើ ចំនួនមួយគ្រឿង , រថយន្តក្រុមហ៊ុនចម្ការកៅស៊ូ ឡុង ស្រេង ចំនួនមួយគ្រឿង និងមួយគ្រឿងទៀត ជារបស់នគរបាលស្រុកស្ទឹងត្រង់ ។ ក្នុងនោះបានប្រើប្រាស់ទឹក អស់ចំនួន០៧រថយន្ត ដើម្បីពន្លត់ភ្លើងនោះ ។
គួរបញ្ជាក់ថា នេះជាករណីអគ្គិភ័យលើកទី២ ហើយគឺក្នុងរយ:ពេលពីរថ្ងៃជាប់គ្នា នៅស្រុកស្ទឹងត្រង់ តែមួយ ដែលករណីឆេះកាលពីយប់ថ្ងៃទី ០៨ ខែសីហានៅភូមិព្រែកសង្កែកើត ឃុំពាមស្នា នៅពុំដឹងមូលហេតុនៅឡើយនោះ៕