ភ្នំពេញ៖ ក្រុមកម្មករជាច្រើននាក់ ដែលបម្រើការងារនៅរោងចក្រយ៉កម៉ាក និងហ៊ើឆាយដែលរងរបួសធ្ងន់ស្រាល ដោយសារក្រុមជនដៃដល់វាយបង្ក្រាប នាអំឡុងការធ្វើកូដកម្ម កាលពីខែមិថុនាកន្លងទៅនោះ ឥឡូវនេះទទួលបានពន្លឺយុត្តិធម៌ខ្លះហើយ ក្រោយពីក្រុមជនដៃដល់ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលចុះទៅចាប់វាយខ្នោះ ដល់ទីស្នាក់តែម្តង ហើយបញ្ជូនភ្លាមៗ ទៅកាន់ក្រសួង ដើម្បីចាត់ការបន្តទៀត។ ប៉ុន្តែក្រុមកម្មករដែលជាជនរងគ្រោះ ព្រមទាំងប្រធានសហជីពកម្មករ នៃរោងចក្រខាងលើ នៅតែទទូចដល់នគរបាល និងមន្ត្រីតុលាការ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ពោលមិនត្រូវធ្វើការដោះលែងនោះ ពីព្រោះពួកគេមានការព្រួយបារម្ភ នូវសុវត្ថិភាពផ្ទាល់ខ្លួន ខណ:ដែលមានព័ត៌មានជនដៃដល់ទាំងនេះ តាមរយ:មេកើយរបស់ពួកគេ បាននិងកំពុងធ្វើការរត់ការយ៉ាងខ្លាំងក្លា។
លោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជា បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា "កម្មកររងគ្រោះក្នុងហេតុការណ៍ហិង្សាសាហាវឃោរឃៅនៃរោងចក្រយ៉កម៉ាស និងហ៊ើឆាយទទួលបានយុត្តិធម៌ហើយ ក្រោយពីជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនដល់ទីស្នាក់ការកាលពីម្សិលមិញ"។
លោក សៀង រិទ្ធី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហា ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះចាប់ខ្លួនជនល្មើសដែលកន្លងមកធ្លាប់បានដើរបង្កហិង្សាវ៉ៃកម្មករនៅតាមរោងចក្រ យ៉កម៉ាស និងរោងចក្រហ៊ើឆាយនាពេលកន្លងមក។ជនល្មើសទាំងនោះជាមន្ត្រីរបស់សហជីពស្មារតីកម្មករខ្មែរដឹកនាំដោយឈ្មោះ មុំ សៀក ហើយត្រូវកម្លាំងទៅព័ទ្ធចាប់ដល់ទីស្នាក់ការតែម្តង។
លោកបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួនបួននាក់ដែលមានឈ្មោះដូចខាងក្រោម៖១. លោក មុំ ម៉ន ភេទប្រុស ២. លោក សួស សុខា ភេទប្រុស
៣. លោក ខេង ភិរុន ភេទប្រុស ៤. លោក ស៊ំ សុធាដែលពួកគាត់ទាំងបួននាក់ជាមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ។លោក សៀង រិទ្ធី បានថ្លែងទៀតថា "ក្នុងនាមតំណាងឲ្យកម្មកររងគ្រោះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវនិងវែកមុខរកឃើញជនសង្ស័យដែលតែងតែដើរបង្កហិង្សានៅតាមបណ្តាលរោងចក្រសហគ្រាសបង្កការភ័យខ្លាចដល់អ្នកវិនិយោគ និងកម្មករនិយោជិត។ ខ្ញុំសូមថ្លែងសារគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីពង្រឹងនីតិរដ្ឋ និងសូមចាត់វិធានការតាមនីតិវិធីចំពោះជនសង្ស័យ និងអ្នកពាក់ព័ន្ធតាមច្បាប់"។
សូមបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី ០៣ មិថុនា ២០១៦ នេះកម្មករនិយោជិតនៃក្រុមហ៊ុនយ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជិត ៣០០នាក់ក្នុងចំណោមកម្មករជាង ៧០០នាក់បានផ្ទុះធ្វើកូដកម្មនៅខាងក្រៅរោងចក្រដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៦ចំណុច។
ដោយឡែកនៅពេលថ្ងៃត្រង់ម៉ោងប្រមាណ ១២និង១០នាទី មានក្រុមបងធំដឹកនាំដោយមន្ត្រីសហព័ន្ធសហជីពស្មារតីកម្មករខ្មែររបស់លោក មុំ សៀក ប្រមាណជាង ៣០នាក់បានមកអុកឡុកនិងវាយបង្ក្រាបមកលើកម្មករដែលកំពុងធ្វើកូដកម្មនៅខាងមុខរោងចក្រធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន ៣នាក់ និងរងរបួសស្រាលជាច្រើននាក់។
ក្រុមបង្កហិង្សាដដែលនេះធ្លាប់បានប្រើហិង្សាវាយកម្មករម្តងរួចមកហើយកាលពីថ្ងៃទី ២៦ មេសា ២០១៦ នៅចំណុចរោងចក្រហ៊ើឆាយដែលបណ្តាលឲ្យកម្មកររបួសធ្ងន់បែកក្បាលចំនួន ២នាក់ផងដែរ។យ៉ាងណាក៏ដោយ ក្រុមកម្មករនៅតែចង់បានយុត្តិធម៌ពេញលេញតាមរយ:ការមើលឃើញ ក្រុមជនល្មើសទាំងត្រូវបានតុលាការចាប់ឃុំខ្លួនដាក់ពន្ធនាគារ។