បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់

11-August-2016 | ដោយ មែន កំសត់

 

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ ត្រូវ​រង​របួសធ្ងន់​ក្រោយមក​បាន​ស្លាប់​នៅ​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវលំ ដែល​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១៥៦D ស្ថិត​ក្នុងភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដំបូង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1A-3216 បើកបរ​ដោយ​ឈ្មោះ ស៊ីវ  សា​វ៉ុ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ឌុ​ប​ក្មេង​ស្រី​ឈ្មោះ ផឹង លី​សា ភេទ​ស្រី​អាយុ​៦​ឆ្នាំ នៅ​ភូមិ​ជា​មូ​យ​គ្នា​។

នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា តាម​សាក្សី​ឃើញ​ហេតុការណ៍​នោះ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​បាន​បើក​ចេញពីផ្ទះ នៅ​ខាងត្បូង​ផ្លូវ គោលបំណង​បត់​ស្តាំ​ទៅ​កើត ដើម្បី​ឡើង​ផ្លូវ​ស្រប ពេល​នោះ​មាន​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹកកក​១​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៥៦D បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចុះ​ចំណោត​ផ្លូវជាតិ ដែល​បើកបរ​ដោយ​ឈ្មោះ ភិន ផុ​ន អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី​។

ពេល​នោះ​ម៉ូតូ​បាន​បើក​ទៅ​ប៉ះ​នឹង​ជ្រុង​ទ្រុង​រ៉ឺ​ម៉ក​គោ​យន្ត បណ្តាល​ឲ្យ​ម៉ូតូ​ដួល ហើយ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ធ្លាក់​ទៅ​ចូល​កង់​រ៉ឺ​ម៉ក​គោ​យន្ត​ខាងស្តាំ​កិន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ដល់​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​។ អ្នក​បើក​ម៉ូតូ​រង​របួសស្រាល​។ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​គោ​យន្ត​នៅ​កន្លែង​។ បច្ចុប្បន្ន វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ត​ត្រូវ​បាន​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​។ ចំពោះ​ករណី​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​តែ​អ្នក​បើក​ម៉ូតូ​មិន​គោរព​សិទ្ធ​អាទិភាព​៕

 

ចំនួនអ្នកទស្សនា

    20590307

  • ថ្ងៃនេះ2871
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32701
  • ខែនេះ147851
  • ឆ្នាំនេះ147851
  • សរុប20590307