ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកដបស្រា វាយទៅលើជនម្នាក់ទៀត បណ្តាលឲ្យរបួសបែកក្បាល រឿងជំពាក់លុយ២ម៉ឺនរៀល មិនព្រមសង ។ ករណីបង្ករបួសស្នាមបែកក្បាលធ្ងន់ធ្ងរនោះ បានកើតឡើង នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ គួន ហៅគាំង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនបង្កមានឈ្មោះ ដែត ស៊ីង អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតភូមិបឹងកេត ឃុំស្ទឹងត្រង់ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបង្កកំពុងតែអង្គុយផឹកស៊ី ជាមួយមិត្តភក្ដិរបស់គេ ។ ក្រោយមកជនរងគ្រោះ បានដើរកាត់កន្លែងផឹកស៊ី ហើយជនបង្កបានស្រែកសួរថា ពេលណាទើបសងលុយអញ ? ពេលនោះជនរងគ្រោះបានឆ្លើយថា លុយស្អីគេ? ហើយបានប្រើពាក្យសំដីអសុរសរួច ក៏បានដើរចេញទៅ ។ បន្ទាប់ពីឮជនដែលជំពាក់លុយខ្លួននិយាយ មិនទទួលខុសត្រូវជនបង្កបានទាញដបស្រាវីស្គី ដែលខ្លួនកំពុងផឹកនោះ យកទៅវាយត្រូវក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ ។
ប្រភពដដែល បានបន្តថា បន្ទាប់មកជនរងគ្រោះ បានរត់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ។ សមត្ថកិច្ចបានចុះ ទៅឃាត់ខ្លួនជនបង្កយកមកសាកសួរភ្លាមៗ។ដោយសារតែជនរងគ្រោះមានសភាពហូរឈាមច្រើនពេកក៏បានទៅមន្ទីរពេទ្យដើម្បីដេរមុខរបួស។ក្រោយកើតហតុនគរបាលប៉ុស្តិ៍ទឹកថ្លា បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយតាមនីតិវិធី ៕