រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋទាញម៉ូតូផ្តួល និងនាំគ្នាដេញចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ចាត់ការតាមច្បាប់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ជិះម៉ូតូម៉ាកគូបជ្រុងនៅតាមផ្លូវ។ ហេតុការណ៍ចាប់ចោរឆក់កាបូបនោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ារ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំក្បាលមាន់ចែ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតម៉ូតូម៉ាកហុងដា ឌ្រីមសេ១១០ សេរី២០១២ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1BE-6618។ ទោះបីជាយ៉ាងណាម្ចាស់កាបូបពុំបានដាក់ពាក្យបណ្តឹងឡើយ ពេលបានកាបូបហើយធ្វើដំណើរទៅបាត់ទៅ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះជាម្ចាស់កាបូបបានជិះម៉ូតូគូបមួយគ្រឿង ធ្វើដំណើរតាមផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ស្រាប់តែជនសង្ស័យមានគ្នាតែឯង បានធ្វើសកម្មភាពកាបូបតែម្តង។ នៅពេលឆក់បានសម្រេច ជនរងគ្រោះបានស្រែកចោរៗ។
ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចេញមក ទាញម៉ូតូផ្តួលធ្វើឲ្យជនសង្ស័យបានបោះកាបូបឲ្យម្ចាស់វិញរួចរត់គេចខ្លួនចោលម៉ូតូ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បាននៅតាមផ្លូវ១៣៨កែងផ្លូវ២៦៥ គឺចម្ងាយប្រមាណជា៣០០ម៉ែត្រពីកន្លែងឆក់។ នៅពេលចាប់ខ្លួនបាន ប្រជាពលរដ្ឋក៏បានស្វាគមន៍មួយដៃមួយជើង ទ្រមខ្លួនរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ចាត់ការតាមច្បាប់៕