រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និរោធ សហការណ៍ជាមួយនគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយពីជនសង្ស័យបានធ្វើសកម្មភាពគាស់កញ្ចក់បង្អួចផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិមានតម្លៃមួយចំនួន រួមទាំងអាវុធខ្លីមួយដើម ហើយព្យាយាមរត់គេចខ្លួន នៅចំណុចផ្ទះលេខ៥៩C ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។
ជនសង្ស័យមានឈ្មោះ យូ ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ លោកអនុសេនីយ៍ឯក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលជំនាញព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះមានឈ្មោះ ហាន់ សាលីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរដ្ឋសភាជាតិ ស្នាក់នៅផ្ទះកើតហេតុ។
នៅវេលាម៉ោង៨ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការបាត់ដូចសព្វដងដោយចាក់សោទ្វារ និងបង្អួចផ្ទះត្រឹមត្រូវ ពុំដែលមានការធ្វេសប្រហែសឡើយ លុះមកដល់វេលាកើតហេតុ ក៏លេចមុខជនសង្ស័យមកធ្វើសកម្មភាពគាស់យកទ្រព្យសម្បត្តិគាត់តែម្តង ទើបបង្កការភ្ញាក់ផ្អើលឡើង។ តាមចម្លើយសារភាពរបស់ជនសង្ស័យឲ្យដឹងថា រូបគេធ្វើសកម្មភាពគាស់កញ្ចក់បង្អួចតែម្នាក់ឯងប៉ុណ្ណោះ ពុំមានគ្នីគ្នាឡើយ ដោយពេលនោះគេជិះម៉ូតូមួយគ្រឿងសង់កូរ៉េកញ្ចាស់ គ្មានស្លាកលេខ ក្នុងខ្លួនមានជាប់ម៉ាឡេតមកជាមួយ ឃើញបង្អួចផ្ទះរបស់ជនរងគ្រោះងាយស្រួលគាស់ ខណៈម្ចាស់ផ្ទះមិននៅផងនោះ ទើបរូបគេឈប់ម៉ូតូអែបក្បែរមាត់បង្អួច រួចទាញម៉ាឡេតចេញពីក្រោមកែបម៉ូតូ ធ្វើសកម្មភាពគាស់កញ្ចក់បង្អួច បានសម្រេចចូលទៅក្នុងផ្ទះយកទ្រព្យសម្បត្តិមានតម្លៃមួយចំនួន រួមទាំងអាវុធខ្លីមួយដើមចេញមកបានដោយសុវត្ថិភាព ហើយជិះរត់គេចមិនបាន១គីឡូដីផង ក៏ត្រូវប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
សូមបញ្ជាក់ថា សម្ភារដែលជនសង្ស័យគាស់យកបានសម្រេចរួមមាន អាវុធខ្លី១ដើម ម៉ាកប៉ារ៉ាបូលីមលេខ៩០០១១៥៥១ បង់កាំភ្លើង១មានគ្រាប់១១គ្រាប់ កាបូបដៃ៥ ខ្សែកកាឡៃមានដាំត្បូង៣ខ្សែ នាឡិកាដៃ៤គ្រឿង កាមេរ៉ាថតរូប១គ្រឿង ម៉ាកSonyពណ៌ទឹកប្រាក់ និងខ្សែកាសទូរស័ព្ទ១ផងដែរ។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីនៅពេលក្រោយ៕