​តាម​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​រហូតដល់​ផ្សារ​

12-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ​​៖ជិត​ដល់​ពាក់កណ្តាល​ខែ​សីហា​ទៅហើយ​ទឹក​លិច​ដែន​នេសាទ​នៅ​ទូទាំង​ខេត្តព្រៃវែង​ទើបតែ​បាន​ប្រមាណ​ជា​៣០​ភាគរយ    ដើម្បី​ការពារ​កូន​ត្រី​ក្នុងស្ថានភាព​ទឹក​នៅ​តូច​បែបនេះ​រដ្ឋបាល​ជល​ផល​ខេត្តព្រៃវែង​បានធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​គ្មាន​ការលើកលែង​ចាប់តាំងពី​ក្នុង​ដែន​នេសាទ​រហូតដល់​ទីផ្សារ​។​

​លោក​អូន ស៊ី​ណាត ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ព្រៃវែង  និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៦​ថា បទល្មើស​នេសាទ  នៅក្នុង​ខេត្តព្រៃវែង​ឆ្នាំនេះ​ថយចុះ​និង​មាន​រូប​ភាពមិន​ធំដុំ​ទេ​ដោយសារ​មន្ត្រីជលផល​បាន​ចុះ​ធ្វើការ​បង្ក្រាប​បន្តបន្ទាប់​ក្រោយពី​បងប្អូន​សហគមន៍​នេសាទ​រាយការណ៍​ថា​មាន​បទល្មើស​កើតឡើង​នៅ​កន្លែង​ណាមួយ​នោះ  ។  
​សហគមន៍​នេសាទ​សហការ​បានល្អ​ណាស់​ជាមួយនឹង​រដ្ឋបាល​ជល​ផល​ក្នុងការ​ផ្តល់​ពត៍​មាន​បទល្មើស​នេសាទ​។​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​រាល់​ពីរ​បី​ថ្ងៃ​ម្តង​មន្ត្រី​តែង​បាន​ត្រឡប់​ទៅ​មើល​កន្លែង​ដែល​បាន​បង្ក្រាប​រួច​នោះ​ឡើងវិញ​ទើប​ធ្វើ​ឲ្យ​បទល្មើស​កើត​ថ្មី​មិន​អាចមាន​ទ្រុងទ្រាយ​ធំ​លើសពី​១០០​ម៉ែត្រ​(​របាំង​ស្បៃ​មុង​)​បាន​។​ឧបករណ៍​ដែល​រឹបអូស​បាន​ពី​ក្នុងការ​បង្ក្រាប បាន​ដុត​បំផ្លាញចោល ។ ការបង្ក្រាប​កន្លងទៅនេះ​មិនមែន​ធ្វើ​ត្រឹម​នៅក្នុង​ដែន​នេសាទ​ទេ គឺ​នៅតាម​ភូមិ​និង​នៅតាម​ផ្សារ​ក៏បាន​ធ្វើ​ដែរ​។​

​មន្ត្រី​ដដែល​បាន​ពន្យល់ថា  ការបង្ក្រាប​នៅតាម​ផ្លូវ​និង​តាម​ផ្សារ គឺ​បាន​រឹបអូស​យក​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​គេ​បាន​ដឹក​លក់​តាមផ្លូវ តាម​ភូមិ   និង​តាម​ផ្សារ  តែ​មិន​យក​ស្បៃ​មុង​ទេ  គឺ​យកតែ​ឧបករណ៍​នេសាទ ។​ការចុះ​ឆែកឆេរ​នៅតាម​ផ្សារ​គឺមាន​ដីកា​ចេញ​ដោយ​តុលាការ ដូចជា​នៅ​ផ្សារ​ព្រៃវែង​បានធ្វើ​រួចហើយ​និង​បន្តធ្វើ​នៅ​ផ្សារ​ផ្សេងៗ​ទៀត​។​មាន​មនុស្ស​ជាច្រើន​នាក់​ហើយ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នោះ​។​
​    ​
​លោក​អូន​ស៊ី​ណាត​បាន​បញ្ជាក់ថា​វិធានការ​ទាំង​ប៉ុន្មាន​ខាងលើនេះ​បានធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ​។​នៅក្នុង​បឹង​ដែល​មិនទាន់មាន​ទឹកធំ​ធេង​ឃើញ​មានកូន​ត្រី​គ្រប់​ប្រភេទ​ច្រើនណាស់​តែ​នៅ​តូចៗ​បំផុត​(​ប្រហែល​៥.០០០​ក្បាល​ក្នុង​១​គីឡូក្រាម​)​។​កូន​ត្រី​ធំធាត់​យឺត​នេះ​ដោយសារ​ទឹក​ឡើង​យឺត​និង​មាន​កម្ពស់​ទាប​ពេក​។​

កូន​ត្រី​ជាច្រើន​ត្រូវបាន​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ប្រមូលយក​ដោយ​មិន​លើកលែង​។​មន្ត្រី​ជំនាញ​ជលផល​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ទឹក​ឡើង​លើក​ទី​១​នៅក្នុង​ខែកក្កដា​នៅ​អ្នក​លឿង​បាន​កម្ពស់​ត្រឹមតែ​៣.៦០​ម៉ែត្រ​លើក​ទី​២​នៅក្នុង​ខែសីហា​ក៏បាន​ត្រឹមតែ​ក្នុង​រង្វង់​៣.៦០​ម៉ែត្រ​ដែរ​។​

​កម្ពស់​ទឹក​ត្រឹម​ជាង​៣​ម៉ែត្រ​នេះ​គឺ​បាន​លិច​ដែន​នេសាទ​នៅ​ទូទាំង​ខេត្តព្រៃវែង​តែ​ប្រមាណ​ជា​៣០​ភាគរយ​ប៉ុណ្ណោះ​។​ឯ​ទឹក​ដែល​នឹង​ឡើង​លើក​ទី​៣​នៅពេល​ខាងមុខ​មិនដឹង​កម្រិតណា​ទេ​តែ​ការឡើង​នៅ​លើកចុងក្រោយ​នោះ​មិន​បានធ្វើ​ឲ្យ​បរិ​មាណកូន​ត្រី​កើនឡើង​ទៀត​ទេ​ដោយហេតុ​នេះហើយ​ទើប​យើង​(​ស៊ី​ណាត​)​ខិតខំ​ការពារ​កូន​ត្រី​ដែលមាន​ហើយ​នេះ​ឲ្យ​បាន​គង់​វង់​។​

​នៅ​ថ្ងៃទី​១១​ខែសីហា  ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង  ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ឧបករណ៍​ស្បៃ​មុង និង  ឆក់​ត្រី​នៅ​ចំណុច​ព្រែក​បា​យ៉ា​ម ភូមិ​អ​ពៅ​ព្រៃ​ឃុំ​កោះ​សំពៅ​ស្រុក​ពាម​ជរ បាន​ពីរ​ករណី​ដោយ​បំផ្លាញ​លូ​ស្បៃ​មុង​ចំនូ​ន ៨ មាត់​របាំង​ស្បៃ​មុង​ប្រវែង​១៣០​ម៉ែត្រ​ចម្រឹង​ចំនួន ៩០ ដើម​លែង​ត្រី​ចំនួន ១៣ គីឡូក្រាម និង​ឧបករណ៍​ឆក់​មួយគ្រឿង​៕

 

ចំនួនអ្នកទស្សនា

    20592347

  • ថ្ងៃនេះ4911
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34741
  • ខែនេះ149891
  • ឆ្នាំនេះ149891
  • សរុប20592347