​ឈើ​ប្រណីត​រាប់រយ​កំណាត់​ឈ្មួញ​លាក់ទុក​សមត្ថកិច្ច​ឆ្លើយ​ដាក់គ្នា​

12-August-2016 | ដោយ មែន កំសត់

 

មណ្ឌល​គី​រី​៖​ឈើ​ប្រណីត​រាប់រយ​កំណាត់​ដែល​ក្រុម​ឈ្មួញ​បាន​យកទៅ​លាក់ទុក​ត្រង់ចំណុច អូរ​រ​វាក់ ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំ​ផាត ខេត្តរតនៈគិរី ។​ឈើ​នោះ​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​នៃ​ស្រុក​ទាំង​២​ថា​អត់​ចាត់វិធានការ​បង្ក្រាប ដោយ​គិតតែ​មើលបំណាំ​គ្នា​ក្នុងការ​គ្រប់​គ្រង់​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន សង្ស័យ​ពាក់ព័ន្ធ​និង​ផលប្រយោជន៍​។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ចំណុច​អូ​ររ​វាក់ និង​ជា​ម្ចាស់ផ្ទះ ដែល​ឈ្មួញ​ដឹកឈើ​ទាំង​នោះមក​លាក់ទុក​បាន​និយាយថា ឈើ​ទាំងនេះ​ត្រូវ​ម្ចាស់​ឈើ​ដឹក​ដោយ​រថយន្ត​មកពី​ស្រុក​កោះ​ញែក​មក​ទុក​នៅទីនេះ ដោយ​ជួល​ដី​គាត់​ដាក់​ក្នុង​១​ខែ​តម្លៃ​២០០.០០០​រៀល​តែប៉ុណ្ណោះ​។ ម្ចាស់ផ្ទះ​រូបនោះ​បន្តថា ជា​យូរណាស់​មកហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​មក​បង្ក្រាប​នោះទេ ប្រហែល​គេ​បង់​ខែ​ឲ្យ​សមត្ថកិច្ច​អស់ហើយ​។​

​ប្រជាពលរដ្ឋ​ម្នាក់​ផ្សេងទៀត ឈ្មោះ សុខ ថា រស់នៅ​ស្រុក​លំ​ផាត​បាន​និយាយថា ក្នុង​១​ថ្ងៃៗ​គាត់​ឃើញ​រថយន្ត​ដឹកឈើ​យ៉ាងហោចណាស់ ក៏មាន​ចំនួន​១០​គ្រឿង​ដែរ ដែល​រត់​ឆ្លង់​កាត់មុខ​តូប​គាត់​លក់ដូរ​។​លោក​ថា ឡាន​ទាំងនោះ​បើក​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង ដោយ​បើក​ក្នុង​ល្បឿន​លឿនៗ​ណាស់ គាត់​ថា​មិនដែល​ឃើញ​ក្រុម​សមត្ថកិច្ច​ចាប់​ទេ ឃើញតែ​សមត្ថកិច្ច​ដាក់​ឡាន​ដេក​តាមផ្លូវ​តែ​មិន​ចាប់​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ លោក ឈួន សិរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​ឲ្យ​ដឹងថា ករណី​ខាងលើនេះ វា​ផុតពី​ដែន​សមត្ថកិច្ច​របស់លោក​គ្រប់​គ្រង់​ហើយ​។​លោក​ថា នៅ​ចំណុច​នោះ​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​ស្រុក​លំផាត់​អភិបាលស្រុក​កោះ​ញែក លោក ម៉ឺ​យ សឿន មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ ដោយ​លេខ​ទូរ​សព្ទ​របស់លោក​ហៅ​មិន​ចូល​។​ដោយឡែក នាយក​ដែនជម្រកសត្វព្រៃ​ស្រុក​លំ​ផាត នៅ​មិនទាន់​ស្វែងរក​ការបំភ្លឺ​បាន​ដូចគ្នា​នៅ​ព្រឹក​នេះ​។​

​ចំណែក​អភិបាលស្រុក​លំ​ផាត លោក នូ ថេ បានអោយដឹងថា  លោក​ទទួលស្គាល់ថា​ពិត​ជាមាន​បទល្មើស​កើតមាន​ខ្លះ​មែន តែ​អាជ្ញាធរ​ពិបាក​នឹងធ្វើ​ការបង្ក្រាប​ណាស់​។​លោក​បន្តថា  បទល្មើស​ព្រៃឈើ​មិនមែន​កើត​តែ​នៅ​ស្រុក​លំផាត់​ទេ គឺ​ក្រុម​ឈ្មួញ​ដឹក​មកពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី លោក​អះអាងថា ស្រុក​លំ​ផាត ដែល​លោក​គ្រប់គ្រង គ្រាន់តែ​ជា ទីកន្លែង ដែល​ឃើញតែ​រថយន្ត​បើក​ទៅមកៗ​មក ដោយ​យើង​គ្រាន់តែ​សង្ស័យថា​មាន​ដឹកឈើ​តែ​ធាតុពិត​មិនឃើញ​មាន​គេ​ដឹកឈើ​នោះទេ​៕

 

ចំនួនអ្នកទស្សនា

    20590487

  • ថ្ងៃនេះ3051
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32881
  • ខែនេះ148031
  • ឆ្នាំនេះ148031
  • សរុប20590487