ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះសមត្ថកិច្ចមេព្រៃចម្រុះសហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងផ្ទៃប្រទេសធ្វើការបង្ក្រាបរថយន្តយីឌុបដឹកឈើទ្រង់ទ្រាយធំប្រុងលោតឆត្រ័ទៅប្រទេសវៀតណាម។ ពេលនេះកំពុងប្រមូលយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ។
លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកបសេដ្ឋបានឲ្យដឹងថា ដោយទទួលព័ត៌មានពីបណ្តាញសម្ងាត់ថា មានរថយន្តយីឌុបមួយគ្រឿងផ្ទុកឈើដុលជាច្រើនកំណាត់មកឈប់នៅចំណុចនៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រូបលោកបានសុំយោបល់ពីលោកព្រះរាជអាជ្ញា និងស្នើសុំទៅលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តសុំកម្លាំងសហការណ៍ ធ្វើការឆែកឆេរត្រួតពិនិត្យ។
លោក ប៊ុន សម្បត្ តិបន្តថា ក្រោយពេលត្រួតពិនិត្យឈើទាំងនេះមិនមានលិខិតឲ្យដឹកជញ្ជូនឡើយ។ ឈើទាំងអស់សុទ្ធសឹងជាឈើរាជកុល(ម្រេញ)ខណៈនេះសមត្ថកិច្ចរបស់លោកកំពុងប្រមូលយកឈើទាំងនេះទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ។ តាមប្រភពពីប្រជាពលរដ្ឋមួរូបបានបង្ហើបថារថយន្តនេះគេបានឃើញធ្វើដំណើរពីជើងទៅត្បូងតតាមបណ្តោយផ្លូវជាតិលេខ៣ ដោយមានគ្របកៅស៊ូជិតហើយបានខូចនៅចំណុចខាងលើក៏ត្រូវបានមេព្រៃចុះបង្ក្រាបតែម្តង។
ប្រភពបន្តថា ជានិច្ចកាលគេតែងតែឃើញរថយន្តមួយគ្រឿងនេះរត់ជាប្រចាំ ទិសដៅពីជើងទៅត្បូងដោយមានកៅស៊ូតង់គ្របជិតឈឹង តែអកុសលលើកនេះរថយន្តខូចម៉ាស៊ីនទៅមុខលែងរួច ក៏ត្រូវមេព្រៃចុះមកបង្ក្រាប។ នេះចេះខូចម៉ាស៊ីនចុះបើមិនខូចវិញច្បាស់ជារត់ទៅដល់ប្រទេសវៀតណាមជាក់ជាមិនខាន។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានរិះគន់ទៅលើសមត្ថកិច្ចតាមបណ្តោយផ្លូវជាតិលេខ៣ថា គិតតែពីផលប្រយោជន៍មិនបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសជាពិសេសគឺមេព្រៃខាងខេត្ដតាកែវតែម្តងព្រោះថា ផ្លួវជាតិលេខ៣គ្រប់គ្រងដោយអាជ្ញាធរខេត្តតាកែវ កាលដែលមេព្រៃខាងកំពង់ស្ពឺបង្ក្រាបរថយន្តដឹកឈើអត់ច្បាប់នេះហាក់បីដូចជាវាយបំបែកឆ្នាំងបាយរបស់សមត្ថកិច្ចនៅតាមបណ្តោយផ្លូវជាតិលេខ៣ ពិសេសមេព្រៃខេត្តតាកែវឲ្យបែកតែម្តង៕