រាជធានីភ្នំពេញ ៖ អ្នកមេម៉ាយជាកម្មការិនីរោងចក្រកាត់ដេរម្នាក់បានលង់ស្នេហ៍ជាមួយនាងកម្មការិនីដូចគ្នា ដោយនាងសុខចិត្តដើរតួជាប្ដី និងនាងជាគូកំណាន់នោះ តួជាប្រពន្ធ ដោយសន្យារួមរស់ជាមួយគ្នា ក្រោយពេលដែលពួកគេត្រឡប់មកពីស្រុកកំណើតវិញរៀងៗខ្លួន ។
មិនតែប៉ុណ្ណោះ នាងដែលដើរតួជាប្រពន្ធ បានលួងលោមនាងជាប្ដីឱ្យទិញគ្រឿងអលង្ការ សុំលុយកាក់ និងទូរស័ព្ទពីនាងជាបន្តបន្ទាប់ ដែលសរុបជិត២ពាន់ដុល្លារអាមេរិក ។ ប៉ុន្តែអ្វីដែលជាក្ដីស្រមៃរបស់នាងជាប្ដីនោះ ត្រូវបានរលាយបាត់អស់ ដោយនាងជាប្រពន្ធបានបោកទាំងចិត្ត និងលុយកាក់ គឺបាត់ស្រមោលសូន្យឈឹង មិនឃើញត្រឡប់ទៅរកនាងវិញឡើយ ។ នាងបានចាំបាត់ៗស្ងាត់ឈឹង គ្មានដំណឹងសោះឡើយ ចំណែកទូរស័ព្ទបានបិទខលមិនចូលទៀត ទើបតែពេលនេះត្រូវប្រទះឃើញប្រពន្ធកំពុងស្នាក់នៅផ្ទះជួលជាមួយមិត្តភក្ដិ ក៏ឃាត់ខ្លួនប្រគល់ឱ្យនគរបាលតែម្ដង ។
ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ សីហា ២០១៦ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលដើរតួជាប្ដីនោះឈ្មោះប៊ុត ស៊ីណាត អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់បន្ទប់ផ្ទះជួលក្នុភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ ។ នាងបានអះអាងថា បានចាញ់បោកប្រពន្ធអស់កងដៃ១ឈុត ដែលមានតម្លៃ២លាន៨០ម៉ឺនរៀលចិញ្ចៀន, ប្លាទីនដាំត្បូងតម្លៃ៣៨ម៉ឺនរៀល, ទូរស័ព្ទដៃ១គ្រឿងតម្លៃ២៥០ដុល្លារ លុយចំនួន៧៥០ដុល្លា ។
ដោយឡែក នារីដើរតួជាប្រពន្ធនោះឈ្មោះគង់ អម្ព ហៅណៃ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នាងជាប្តីឈ្មោះប៊ុត ស៊ីណាត បាននិយាយថា នាងធ្លាប់មានប្ដីបានរៀបការជាមួយគ្នា តាមផ្លូវច្បាប់និងតាមប្រពៃណីដែរ ប៉ុន្តែ
ក្រោពេលរស់នៅជាមួយគ្នា បានត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបបានឈានដល់ការលែងលះគ្នា ។ បន្ទាប់មក នាងបានមកស្នាក់នៅរាជធានីភ្នំពេញ ធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ហើយបានស្គាល់គ្នាជាមួយ និងនារីម្នាក់ឈ្មោះគង់ អម្ព ហៅណៃ ដែលការស្គាល់គ្នានោះ មានរយៈពេល៣ឆ្នាំកន្លងមកហើយ ។
ក្រោយមកពួកនាងបានចិត្តស្រលាញ់គ្នាទៅវិញទៅមក ហើយនាងនឹកឃើញថា យកប្ដីនាំតែលំបាកដូចមុនទៀតនោះទេ ទើបសម្រេចចិត្តស្រលាញ់ស្រីដូចគ្នាវិញ និងកសាងគ្រួសារថ្មីមួយ ដោយនៅពេលនោះ នាងបានសម្រេចចិត្តដើរតួជាប្ដី ចំណែកនាងគូកំណាន់ចិត្តសុខចិត្តដើរតួជាប្រពន្ធវិញ ។
ប្រភពដដែលបន្តថា ក្រោយពេលឯកភាពគ្នាហើយ នាងជាប្រពន្ធបានលួងលោមសុំឱ្យនាង ដែលជាប្ដីទិញគ្រឿងអលង្ការឲ្យ ព្រមទាំងសុំលុយ និងទូរស័ព្ទផង ហើយនាងបានប្រគល់ឲ្យជាបន្តបន្ទាប់ និងបានសន្យាថា នឹងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោយពេលដែលពួកគេវិលត្រឡប់មកពីលេងស្រុកកំណើតវិញរៀងៗខ្លួន។
ប៉ុន្តែក្រោយមកបានបាត់ស្រមោល ស្រីស្រស់ទងវងសូន្យឈឹង មិនឃើញពាលពៅត្រឡប់មកវិញឡើយ ចំណែកឯទូរស័ព្ទក៏ខលមិនចូលថែមទៀត នាងរង់ចាំរយៈពេលជាង៤ខែហើយ រហូតដល់វេលាព្រឹកថ្ងៃទី១៣ ខែសីហា ទើបប្រទះឃើញប្រពន្ធកំពុងស្នាក់នៅជាមួយមិត្តភក្តិនៅផ្ទះជួល នាងក៏បានប្ដឹងនគរបាលតែម្ដង។
បន្ទាប់មក នគរបាលបានធ្វើការសាកសួរ ហើយនាងជាប្រពន្ធនោះ បានសុខចត្តចេញសំណងទៅខាងប្ដីក្នុង១ខែចំនួន៥០ដុល្លារ ជារៀងរាល់ខែ រហូតដល់គ្រប់ចំនួន និងបានប្រគល់១០០ដុល្លារផ្សេងទៀត សម្រាប់ថ្លៃទិញទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ ដើម្បីបញ្ចប់រឿង ៕