ប្រកាសចាប់ខ្លួនជនដែលដៀលនិងប្រមាថរបបថាតិរច្ឆាន

14-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ​ ៖ លោក​ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា អ្នក​ដែល​ប្រមាថ​កម្ពុជា ច្បាស់​ជា​នឹង​ទទួល​ចំណាត់ការ​ផ្លូវច្បាប់ ដើម្បី​ការពារ​កិត្យានុភាព​ជាតិ​។​
​    ​
​ការលើកឡើង​របស់​ម​ន្ត្រី​នាំពាក្យ​រូបនេះ ក្នុងន័យ​ជាការ​ឆ្លើយតប​ទៅនឹង​ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ ​ធម្មិកោ​ ​ដែលជា​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​និង​ជា​​សែ​រាជវង្ស​បាន​ហៅ​របប​បច្ចុប្បន្ន​ដែល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា «​របប​តិរច្ឆាន​»​។​
​    ​
​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា នា​រសៀល​ថ្ងៃទី​១២ ខែសីហា នេះ លោក​ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​​រដ្ឋមន្ត្រី បាន​លើកឡើងថា លោក​ហាក់​មានការ​សោកស្ដាយ ដែល​ព្រះអង្គម្ចាស់​ស៊ី​សុ​វត្ថ​ធម្មិកោ ដែលជា​សែស្រឡាយ​រាជវង្ស​តែ​បែរជា​មើលងាយ​​រាជវង្សានុវង្ស​ខ្លួនឯង​ទៅវិញ ដោយហេតុថា របប​របស់​កម្ពុ​ជាស​ព្វ​ថ្ងៃ គឺមាន​ព្រះមហាក្សត្រ​ជា​ព្រះប្រមុខរដ្ឋ ដូចនេះ​ការចោទប្រកាន់​របប​នេះ​ក៏​ជា​​ការមើល​ងាយ​ដល់​អង្គ​ព្រះមហាក្សត្រ​ដែរ​។​
​    ​
​ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ដាច់ខាត ហើយនឹង​ខំប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ការពារ​អង្គ​ព្រះ​​មហាក្សត្រ​មិន​ឲ្យ​នរណា​មក​ប្រមាថ​ឡើយ​។​
​    ​
​លោក​ក៏បាន​បញ្ជាក់ដែរថា ការដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែល​ហៅថា “...​ព្រះរាជាណាចក្រ​ទី​២​នេះ យើង​បាន​រៀនសូត្រ​ពី​ព្រះរាជាណាចក្រ​​ទី​១ ដែល​នៅក្នុង​រាជវង្សានុវង្ស ធ្វើការ​ក្បត់​នឹង​ព្រះករុណា​បរម​រន​កោដ្ឋ ក្នុង​ការចូល​ដៃ​ជាមួយ​បរទេស​ធ្វើ​ឲ្យ​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០...​ដូច្នេះ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ មិនមាន​អ្នកណា​ក្រៅពី​រាជវង្ស​ខ្លួនឯង​...​ក្នុងនាម​ផលប្រយោជន៍​ខ្មែរ គឺ​យើង​ការពារ​របប​ហ្នឹង ការពារ​ព្រះមហាក្សត្រ​...”​។​
​    ​
​លោក​បាន​បន្ដថា អ្វីដែល​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ បាន​ចោទ គឺ​ចោទ​បន្លំ ដោយ​ហាក់​មានន័យ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ដែលជា​ព្រះ​ប្រ​​មុខ​រដ្ឋ ដូចនេះ ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ ក៏​ជា​ការពារ​កិត្យានុភាព​ជាតិ រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​សមរម្យ​ណាមួយ តាមផ្លូវ​ច្បាប់​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ​ហៅ​បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ត្រូវតែ​ក្លាហាន ហើយ​ត្រូវតែ​ហ៊ាន​ប្រឈមមុខ​ទទួលខុសត្រូវ​នូវ​រាល់​ពាក្យសម្ដី​ដែល​​ព្រះអង្គ​ធ្លាប់​លើកឡើង​នៅលើ​ទឹកដី​កម្ពុជា និង​ចំពោះ​តុលាការ​កម្ពុជា ។ ព្រះអង្គ​មាន​ព្រះបន្ទូល​លើកឡើង​បែបនេះ ធ្វើឡើង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​របស់​ព្រះអង្គ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ សីហា​និង​ត្រូវ​ផ្សាយ​បន្ត​ដោយ​វិទ្យុ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​នៅ​ថ្ងៃ​ដដែល​៕

 

ចំនួនអ្នកទស្សនា

    20594207

  • ថ្ងៃនេះ6771
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36601
  • ខែនេះ151751
  • ឆ្នាំនេះ151751
  • សរុប20594207