រាជធានីភ្នំពេញ ៖ ចោរមួយក្រុមបានចូលប្លន់ក្នុងរោងចក្រ ធ្វើឱ្យថៅកែជាជនជាតិចិន២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ និងចោរម្នាក់ក៏របួសធ្ងន់ដែរ ចំណែកបក្សពួក៥នាក់ទៀតប្លន់យកបានលុយនិងរបស់មានតម្លៃរួចគេចខ្លួនទៅបាត់ស្រមោល ។ ករណីនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា នៅរោងចក្រផលិតប្រអប់ភ្លើងមួយកន្លែងជាប់របងវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមអ្នកភូមិនៅក្បែរនោះនិយាយថា នាវេលារំលងអធ្រាត្រនោះ គេបានឮសំឡេងឆ្កែព្រុសយ៉ាងខ្លាំង និងសំឡេងស្រែកឱ្យជួយផង ទើបអ្នកភូមិនាំគ្នាចេញមកមើលក៏ឃើញជនម្នាក់ប្រឡាក់សុទ្ធតែឈាមបែកមុខបែកមាត់រងរបួសធ្ងន់ ដេកដួលនៅលើស្មៅជាប់របងរោងចក្រ ។ ពេលឃើញបែបនេះ ពួកគាត់សួរនាំក៏ត្រូវបានប្រាប់ថា ពួកគេមានគ្នា៦នាក់បានចូលលួចក្នុងរោងចក្រ ។ ខណៈពេលផ្លោះរបងចូលក្នុងរោងចក្រ មានម្នាក់ជាអ្នកនៅចាំមើលផ្លូវនិងចាំម៉ូតូ ចំណែកបក្សពួក៥នាក់ទៀតបានសម្រុកចូលទៅក្នុងរោងចក្រលួចយករបស់របរ និងរបស់មានតម្លៃ តែត្រូវថៅកែជាជនជាតិចិន២នាក់ប្តីប្រពន្ធដឹងចេញមកប្រវាយប្រតប់ ទើបពួកគេវាយឲ្យរងរបួសធ្ងន់ ទាំង២នាក់ ។
ចំណែកបុរសជនជាតិចិនម្នាក់ ដែលស្នាក់នៅក្នុងរោងចក្រដែរ ភ័យពេកបានរត់ឡើងទៅពួនលើដំបូលរោងចក្រមិនមានរងរបួសទេ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងរោងចក្រមានជនជាតិចិនស្នាក់នៅ៣នាក់ គឺ២នាក់ប្តីប្រពន្ធ និងបុរសម្នាក់ ។ ចំណែកក្រុមចោរមានគ្នា៦នាក់ តែចូលទៅធ្វើសកម្មភាពនៅក្នុងរោងចក្រ៥នាក់ ។ ក្រោយពេលកើតហេតុជន៥នាក់បានរត់គេចខ្លួនទៅបាត់អស់ នៅសល់តែម្នាក់បានដើរតាមរបងនិងធ្លាក់ពីលើរបងបាក់ជើងរងរបួសធ្ងន់ ទើបរត់មិនរួច ។ ភ្លាមៗនោះដែរ អ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងមានជនជាតិចិន២នាក់បើករថយន្ត១គ្រឿងមកដល់បើកទ្វារចូលទៅឃើញស្ត្រីជាប្រពន្ធដេកដួលនៅជាប់មាត់ទ្វារបន្ទប់ រងរបួសបាក់ជើងនិងបែកក្បាលហើយមានញញួរមួយនៅជិតនោះផង ។ ចំណែកបុរសជាប្តីនៅខាងក្នុងបន្ទប់ប្រឡាក់ឈាមពេញខ្លួនបែកក្បាល និងបាក់ជើងដូចគ្នា ។
តាមចោរម្នាក់ដែលចាប់បានសារភាពថារូបគេឈ្មោះ ចេក ចន្នី អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ កាលពីប៉ុន្មានថ្ងៃមុន ពួកគេបានមកលួចម្តងហើយ ជាមួយបក្សពួកដែលធ្វើសន្តិសុខនៅរោងចក្រខាងលើ គឺលួចបានទូរស័ព្ទដៃនិងឡេបថប១គ្រឿង ។ បន្ទាប់ពីមានការបាត់ទូរស័ព្ទនិងឡេបថប ថៅកែក៏បញ្ឈប់សន្តិសុខម្នាក់នោះពីការងារ ហើយសន្តិសុខនោះក៏ស្ថិតក្នុងចំណោមពួកគេទាំង៦នាក់នេះដែរ ។
ចោរបានសារភាពទៀតថា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ពួកគេមានគ្នា៦នាក់បានផឹកស៊ីស្រវឹង និងទៅជក់ថ្នាំញៀននៅត្រពាំងឈូក មុខមន្ទីរពេទ្យព្រះកុសុមៈ រួចហើយបបួលគ្នាចូលក្នុងរោងចក្រដើម្បីលួចលុយនិងសម្ភារម្តងទៀត ។
ចោរសារភាពទៀតថា ពួកគេជិះម៉ូតូ២គ្រឿង ចូលទៅធ្វើសកម្មភាពលួចនៅក្នុងរោងចក្រ ស្រាប់តែថៅកែចិន២នាក់ប្តីប្រពន្ធដឹងទាន់ក៏មានការប្រវាយប្រតប់គ្នា បណ្ដាលឱ្យរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ និងរូបគេរត់មិនរួចព្រោះធ្លាក់ពីលើរបងបាក់ជើង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយ ។ ចំណែកជនសង្ស័យចោរដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែករបស់មានតម្លៃនិងលុយ ត្រូវពួកចោរដែលគេចខ្លួនរួចនោះយកទៅអស់ហើយ ។ ជុំវិញករណីខាងលើ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ៕