ខេត្តពោធិ៍សាត់៖ ហេតុការណ៍មិនគួរមួយបានកើតឡើងកាលពីវេលាម៉ោង ៨ និង២៦នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ដោយបុរសជាជនអន្ធពាលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា បន្ទាប់ពីជនរូបនេះ បានវាយនារីរងគ្រោះដែលជាសង្សារដោយដៃ ប៉ោងមុខប៉ោងម៉ាត់រងរបួសធ្ងន់ ដោយសារនារីរងគ្រោះធុំក្លិនខ្លួនលាយឡំជាមួយក្លិនលាមកមិនបានសម្អាតខ្លួន។
លោកអនុសេនីយ៍ឯក ប៉ិច ស៊ីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានប្រាប់ឲ្យដឹងនាល្ងាចនេះថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ថន ថៃ ភេទប្រុស អាយុ ២៨ឆ្នាំ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ទិត្យ សំរួន ភេទស្រី អាយុ ២៨ឆ្នាំដូចគ្នា អ្នកទាំងពីររស់ភូមិសង្កាត់កើតហេតុខាងលើ។
លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យ និងនារីរងគ្រោះជានិច្ចជាកាលរស់នៅជាមួយគ្នា ហើយជនសង្ស័យធ្លាប់មានប្រពន្ធកូនមួយម្តងរួចមកហើយ ដោយឡែកនារីរងគ្រោះបានមកស្នាក់ និងដេកនៅជាមួយគ្នាស្ទើររាល់យប់។ លោកនាយប៉ុស្តិ៍បានបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានមកណែបនិតនារីរងគ្រោះដូចសព្វមួយដង តែដោយសារនារីរងគ្រោះធុមក្លិនខ្លួនលាយឡំជាមួយក្លិនលាមកដែលមិនបានសម្អាតខ្លួនផងនោះ ជនសង្ស័យបានកម្រោលវាយធ្វើបាបនារីគ្រោះដោយដៃ បណ្តាយឲ្យប៉ល់មុខប៉ល់ម៉ាត់រងរបួសធ្ងន់តែម្តង។
បច្ចុប្បន្នជនល្មើស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលក្រុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមច្បាប់៕