ខេត្តកំពង់ចាម ៖ ជាងផ្សារដែកម្នាក់ឈ្មោះ ជាង នីន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានភ្លាត់ស្នៀតឆក់ខ្សែភ្លើង បណ្តាលឲ្យសន្លប់ ពេលដែលកំពុងតែផ្សាពិដានផ្ទះមេជាងរបស់ខ្លួន។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី១២ សីហា ២០១៦ ស្ថិតនៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ត្រូវបានដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតមកដល់ថ្ងៃទី១៣ សីហា ក្រោយពីគ្រូពេទ្យបានយកចិត្តទុកដាក់នោះបានធូរស្រាល និងវិលត្រឡប់ទៅផ្ទះវិញហើយដែរ ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំកោះរកា ប្រាប់ឲ្យដឹងថា អ្នករងគ្រោះរូបនេះបានមកផ្សាដែកនៅផ្ទះមេជាងឈ្មោះឡាត់ ភេទប្រុស នៅភូមិដំបងដែក ដោយធ្វើទ្វារ បង្អួច និងដំបូល ដើម្បីយកប្រាក់ផ្តត់ផ្គង់ជីវភាពគ្រួសារ ទើបតែបានប៉ុន្មានខែនេះទេ រួមជាមួយនឹងកូនជាងជាច្រើននាក់ទៀត ។