ខេត្តសៀមរាប ៖ រថយន្តដឹកឈើក្រញូង ចំនួន៣គ្រឿងនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ បម្រុងលោតឆ័ត្រ ចេញពីភូមិសាស្ត្រខេត្តឧត្តរមានជ័យ ឆ្លងកាត់ចូលមកខេត្តសៀមរាប រួចបើកយកមកលាក់នៅក្នុងផ្ទះក្នុងក្រុងសៀមរាប និងក្នុងស្រុកបន្ទាយស្រី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការចាប់បានទាំងព្រឹក រួចប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ដឹកនាំបញ្ជាដោយលោកវរសនីយទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក រៀម ចាន់មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមកចោមរោមមើល។
ហេតុការណ៍បង្ក្រាបករណីដឹកឈើខុសច្បាប់ចំនួន៣គ្រឿងនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនេះធ្វើឡើងនៅម៉ោង៧ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្បែរវត្តត្រាំនាគ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានចំនួន២គ្រឿង និង១គ្រឿងទៀតឃាត់បាននៅចំណុចតាមផ្លូវហាយវ៉េ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីកងរាជអាវុធខេត្តបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ថា រថយន្តដែលដឹកឈើក្រញូងមួយគ្រឿងបម្រុងលោតឆ័ត្រ យកមកលាក់ទុកនៅក្នុងផ្ទះខាងលើ រួចឆែកឆេរបានរកឃើញរថយន្តមួយគ្រឿងទៀត ប៉ុន្តែគ្មានផ្ទុកអីវ៉ាន់ទេ និង១គ្រឿងទៀត បានឃាត់នៅតាមដងផ្លូវហាយវ៉េ ដែលពួកគេបានដឹកចេញពីភូមិ សាស្ត្រខេត្តឧត្តរមានជ័យ ឆ្លងកាត់ចូលមកខេត្តសៀមរាប ដើម្បីយកមកចែកចាយរកទីផ្សារដែលមានតម្លៃខ្ពស់។ប្រភពផ្ដល់ព័ត៌មានបានបន្តថា រថយន្តបទល្មើសទាំង៣គ្រឿងនោះមាន ទី១-រថយន្តម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២C-៣២៥៤ ទី២-រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២L-៥២៧៩ និង១គ្រឿងទៀតម៉ាកកាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២B-២៤៥២។
ប្រភពបានបញ្ជាក់ថា ក្រោយពីបានឃាត់បានរថយន្តដឹកឈើគ្រញូង និងឈើធ្នង់ទាំងនោះ កម្លាំងជំនាញបានយកទៅប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនិតិវិធី។ ជុំវិញករណីខាងលើលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅកន្លែងរដ្ឋបាលព្រៃឈើថា រថយន្តដឹកឈើ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការប្រគល់ឱ្យនាថ្ងៃនេះ គឺជាឈើប្រភេទក្រញូង និងឈើធ្នង់ ដែលមានរថយន្តចំនួន៣គ្រឿងក្នុងនោះមានរថយន្តកាមរីបាឡែនចំនួន២គ្រឿង ទី១-មានស្លាកលេខភ្នំពេញ ២C-៣២៥៤ ពណ៌ស្ករ (ក្នុងនោះមានស្លាកលេខ១ឈុតទុកសម្រាប់ដូរ) ដែលមានផ្ទុកឈើគ្រញូងចំនួន១៤២ដុំ ស្មើនឹង៩៤៤គីឡូក្រាម ស្មើនឹង០,៧៨៦ ម៉ែត្រគូប និងទី២-មានស្លាកលេខភ្នំពេញ ២L-៥២៧៩ ពណ៌ទឹកប្រាក់ (ក្នុងនោះមានស្លាកលេខចំនួន២ឈុតទុកសម្រាប់ដូរ និងមានកង់ទុកសម្រាប់ដោះដូរ ចំនួន២ ប៉ុន្តែនៅក្នុងរថយន្តកាមរីបាឡែននេះពុំមានផ្ទុកឈើនោះទេ។ ក្នុងនោះដែរក៏បាននាំខ្លួនម្ចាស់ផ្ទះមកសួរនាំនៅទីស្នាក់ការដ្ឋបាលព្រៃឈើព្រះដាក់បន្ទាយស្រី។
ចំណែករថយន្ត១គ្រឿងទៀត ដែលចាប់បាននៅតាមផ្លូវហាយវ៉េ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នោះរថយន្តម៉ាកកាមរី៩៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២B-២៤៥២ ដែលមានផ្ទុកឈើធ្នង់ចំនួន៦ដុំស្មើនឹង០,១៥៧ម៉ែត្រគូប បានរត់គេចខ្លួនបាត់។ លោកបានបន្តថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ស៊ិន ស៊ីណា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លោកបានបញ្ជាក់ថា ក្រោយពីបានសួរនាំម្ចាស់ផ្ទះខាងលើរួចមក បានប្រាប់មន្ត្រីជំនាញថា រូបគាត់ពុំបានដឹងអ្វីទាំងអស់ បន្ទាប់ពីភ្ញាក់ពីដេកពេលព្រឹកមក ក៏ស្រាប់តែឃើញរថយន្តកាមរីបាឡែនដាក់ឈើពេញក្នុងឡាននោះនៅក្នុងផ្ទះរបស់នាងខ្ញុំ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះស្ត្រីនោះឆ្លើយយ៉ាងម៉េចក៏ដោយ ក៏លោកសុំឱ្យគាត់និយាយការពិតប្រាប់ដល់សមត្ថកិច្ចជំនាញ ដើម្បីស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែប្រសិនបើស្ត្រីរូបនោះ នៅតែលាក់ជនល្មើសមិនប្រាប់ការពិតនោះ ស្ត្រីនោះនឹងប្រឈមចំពោះមុខច្បាប់ ប្រហែលអាចជាប់គុកក៏ថាបាន ព្រោះលោកនឹងឱ្យមន្ត្រីជំនាញរៀបចំសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី៕