ចាប់ខ្លួន!​ ឃើញប្រាក់​ដុល្លារ​រាប់ម៉ឺន​ក្នុង​ឡាន តែក្រោយមកក៏លែងវិញ...​

15-August-2016 | ដោយ មែន កំសត់

 

ខេត្តស្ទឹងត្រែង​ ៖ ​មានការ​ភ្ញាក់​​ផ្អើល​មួយ​ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ ធ្វើការ​ឃាត់ខ្លួន​​មនុស្ស​៣​នាក់និងរថយន្ត​មួយ​គ្រឿង​ រួម​ទាំង​ក្រដាសប្រាក់​ដុល្លារ​ចំនួន​៣៣២​សន្លឹក​ (ស្មើ​៣.៣២០០​ដុល្លារ) តែ​ក្រោយមក​ ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​ ២០១៦ ​។

មន្ត្រី​ច្រក​ទ្វារ​ត្រពាំង​គ្រៀល​ប្រាប់​ឲ្យ​ដឹង​ថា​ មនុស្ស​ទាំង​៣នាក់​​ខាងលើ ​​១-​ឈ្មោះ​ស៊ា​ម ម៉ុង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ២-​ឈ្មោះ​កេ​ត ចាន់​ដេ​ត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​ អ្នក​ទាំង​២ រស់នៅ​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ និង​៣-​ឈ្មោះ​ផែ​វ មិត្ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅសង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​។

ប្រភព​ពី​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អត្តរ​ជាតិ​ត្រពាំង​គ្រៀល​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​០៦ ​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ​សីហា ​២០១៦ ​កម្លាំង​ចម្រុះ​​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ បាន​​ត្រួតពិនិត្យ​លើ​មនុស្ស៣​នាក់​ ខណៈ​មក​ធ្វើ​លិខិតឆ្លងដែន​ចូល​ប្រទេស​ឡាវ​ បន្ទាប់​មក​បន្ត​ត្រួតពិនិត្យនៅ​ក្នុង​រថយន្ត​របស់​ពួក​គេ ក៏ប្រទះ​ឃើញ​ក្រដាសប្រាក់​ដុល្លារ​ជា​ច្រើន​​​​មិន​ប្រក្រតី ​ទើប​សម្រេច​ឃាត់​ពួក​គេ​ និង​ប្រគល់​ទៅ​ឲ្យ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ មក​សាកសួរ​ក្រោម​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្ត​ ។

លោកសាន់ និ​ម៉​ល់ ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​​ កាល​ពី​រសៀល​​ថ្ងៃ​ទី​១៤​ សីហា​ ២០១៦​ថា​ ករណី​នេះ​ កម្លាំង​ការិយាល័យ​BLO ប៉ុស្តិ៍​ព្រំដែន និង​ស្នាក់​ការ​ដុ​ង​ក្រឡ​ត្រពាំង​គ្រៀល គាត់​ត្រួតពិនិត្យ​លើ​ប៉ា​ស្ព័​រ​ ក្រោយមក​ឆែកឆេក៏​​ប្រាប់​ថា ​ដុល្លារ​ក្លែងក្លាយ ហើយ​ពួក​គាត់​មិន​បាន​ពិនិត្យ​ជាក់ស្តែង​ទេ ។

បន្ទាប់​មក​គាត់​រាយការណ៍​ជូន​ស្នងការ​ឲ្យ​បញ្ជា​កម្លាំង​ជំនាញ​ធ្វើ​កិច្ច​ទៅ​យក​មនុស្ស​ទាំងនោះ​ មក​ស្នងការដ្ឋាន​គ្រានោះ​ដែរ  លោក​ក៏បាន​ឲ្យ​នាយ​រង​ការិយាល័យ​ ដែល​ជា​សេនាធិការ​របស់​លោក ​ធ្វើការ​ត្រួតពិនិត្យ​រាយការណ៍​ជូន​លោក​វិញ ​តែ​ដោយ​លោក​មិន​អស់ចិត្តនៅ​​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ ​សីហា ​លោក​ក៏​បាន​សួរ​ផ្ទាល់​ហើយ​មើល​ផ្ទាល់​លុយ​នោះ  ទើប​ដឹង​ថា ​ជា​លុយ​ឆេ​ង​ម៉េង សម្រាប់​សែន​ខ្មោច​។​

លោក​ស្នងការ​រង​បន្ត​ថា ​កាលណា​លុយ​សែនខ្មោច​ក្នុង​ច្បាប់​អត់​មាន​ចែង ហើយ​ទ​ង្វើ​​​ឆ្លើយ​របស់​ពួក​គាត់​នោះ​ឆ្លើយ​ថា ​កាលពី​គាត់​ធ្វើបុណ្យ​សែន​ឆេ​ង​ម៉េ​ង​​ទុក​ក្នុង​រថយន្ត​នោះ​រហូត​ ដោយ​មិន​បាន​យក​ចេញ  ហើយ​ពេល​ទៅ​ដល់​ព្រំដែន​មិន​បាន​ចាប់អារម្មណ៍​អំពី​លុយ​សែនខ្មោច​នោះ​ទៀត  ដល់​ពេល​ខាង​ព្រំដែន​គេ​មិន​បាន​ពិនិត្យ​មើល​ថា​ ជា​លុយ​ឆេ​ង​ម៉េ​ង​ទេ លុះ​មក​ដល់​លោក​ពិនិត្យ​មើល​លុយ​មួយ​ជួរ​សុទ្ធ​ជា​លុយ​ហ្វូ​តូកូពី​​ទាំងអស់​។​

​ក្រោយមក​ លោក​បាន​រាយការណ៍​ប្រាប់​ព្រះរាជអាជ្ញា​លោក​ថា ​អស់​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ មាន​តែ​អប់រំ​ប្រាប់​ពួក​គាត់​វិញ​ថា ​ថ្ងៃ​ក្រោយ​កុំ​ដាក់​លុយ​បែប​ហ្នឹង​ក្នុងរថយន្ត​​ទុក​ចោល​នៅផ្ទះ​ទៅ​សែន​អី​ក៏​​សែន​ទៅ ទើប​អប់រំ​ណែនាំ​ឲ្យ​ពួក​គាត់​វិល​ទៅ​លំនៅ​ឋាន​វិញ​ ។​ លោកស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា ​ពួក​គាត់​ទាំងនោះ​មាន​គោលបំណង​ទៅ​ទេសចរណ៍​ទឹកធ្លាក់​បាក់​ផេង ក្នុង​ប្រទេស​ឡាវ​ប៉ុណ្ណោះ មិន​មានការ​ពាក់ព័ន្ធ​រឿង​អ្វី​ទេ​។​

ប្រភព​ព័ត៌មាន​មួយទៀត ​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​ការពារ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​-​ឡាវ​ថា ដំបូង​ឡើយ​គេ​សង្ស័យ​​មនុស្ស​ទាំង​៣​នាក់​ខាងលើ​ ចរាច​ណ៍​លុយ​ក្លែងក្លាយ​ទៅ​កាន់​ប្រទេស​ឡាវ និង​ដើម្បី​ទំនាក់ទំនង​របរ​មិន​ស្របច្បាប់ ទើប​មាន​កម្លាំង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ធ្វើការ​ឃាត់​ និង​ឆែកឆេរ​ក​ឃើញ​ក្រដាសប្រាក់​ក្លែងក្លាយ​ទាំងនោះ​ ប្រគល់​ឲ្យ​កម្លាំង​នៃ​ការិយា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ជា​អ្នក​បន្ត​នីតិវិធី​ច្បាប់ ​។

​មន្ត្រី​ដដែល​បន្ត​ថា ​ក្រោយ​ការ​ឃាត់ខ្លួន​មនុស្ស​ទាំង៣នាក់​នោះ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​កាម​រី​​ ស៊េរី​ឆ្នាំ​១៩៩១មួយគ្រឿង ព្រមទាំង​ក្រដាស់ប្រាក់​សែន​ឆេ​ង​ម៉េ​ង​ចំនួន​៣៣២​សន្លឹក​ ស្មើ​និង​៣.៣២០០​ដុល្លារ​ ។ មនុស្ស​ទាំង​បី​នាក់​នោះ​ ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ ​ក្រោយ​សមត្ថ​កិច្ចបញ្ចប់​នីតិវិធី​សាកសួរ​ និង​ពិនិត្យ​ជាក់ស្តែង​លើ​ក្រដាស់ប្រាក់​ទាំងនោះ ​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឲ្យ​មាន​ណែនាំ​អប់រំ ​៕

 

ចំនួនអ្នកទស្សនា

    20592677

  • ថ្ងៃនេះ5241
  • ម្សិលមិញ11441
  • សប្តាហ៍នេះ35071
  • ខែនេះ150221
  • ឆ្នាំនេះ150221
  • សរុប20592677