ខេត្តមណ្ឌលគិរី ៖ មេភូមិរវ៉ាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរ កាលពីព្រឹកថ្ងៃទី១៤ សីហា ស្ថិតនៅអធិការដ្ឋាននគរបាលស្រុកកោះញែក បន្ទាប់ពីត្រូវកូនស្រីប្តឹងថា បានរំលោភលើនាងជាមនុស្សពិការជើងដើរមិនរួច កាលពីថ្ងៃទី១៣ សីហា ២០១៦ តែនៅព្រឹកថ្ងៃទី១៥ សីហា នេះ ក្រោយឃាត់ខ្លួនបានមួយយប់នៅមូលដ្ឋាន ត្រូវជននោះនៅតែមិនបានផ្តល់ចម្លើយដល់សមត្ថកិច្ចទេ ។
ប្រភពឱ្យដឹងថា ជនសង្ស័យត្រូវជាឪពុកឈ្មោះទុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង នាងរងគ្រោះមានអាយុ២២ឆ្នាំ ។
លោកខ្លួត សុឃា អធិការស្រុកកោះញែកបានឱ្យដឹងថា សកម្មភាពរំលោភនារីរងគ្រោះដែលជាមនុស្សពិការ (ស្វឹតជើងដើរមិនរួច) និងជាកូនស្រីបង្កើតខ្លួនឯងផងនោះ ត្រូវនារីរងគ្រោះទៅប្តឹងសមត្ថកិច្ច (ឱ្យអ្នកភូមិជូនទៅប៉ុស្តិ៍នគរបាល) ដើម្បីជួយអន្តរាគមន៍ ។
លោកបន្តថា នៅពេលកើតហេតុ នាងរងគ្រោះនៅផ្ទះម្នាក់ឯង ព្រោះរដូវនេះជារដូវធ្វើស្រែ ចឹងហើយម្តាយ និងបងប្អូននាងបាន ចេញទៅធ្វើស្រែចម្ការអស់ហើយ ដោយទុកនាងជាអ្នកនៅចាំផ្ទះតែពីរនាក់ឪពុក ។ សេចក្តីរាយការណ៍ចុងក្រោយ ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសាកសួរបន្ត ដើម្បីរៀបចំឯកសារបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕