រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាម្នាក់បានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៦ បន្ទាប់ពីត្រូវក្រុមចោរប្រដាប់អាវុធធ្វើការស្ទាក់ប្លន់យកម៉ូតូម៉ាកស្កុបពី១គ្រឿងទៅបាត់នៅចំណុចខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បូង តាមបណ្តោយផ្លូវលេខ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ អាហ្សា អាយុ២០ឆ្នាំ បំរើការនៅក្នុងហាងខារ៉ាអូខេយីហោ មេហ្គា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានជិះម៉ូតូ១គ្រឿងមកស្ទាក់ប្លន់យកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-5513 យកទៅបាត់ដោយសុវត្ថភាព ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ បន្ទាប់ពីចប់ម៉ោងធ្វើការ នារីរងគ្រោះបានជិះម៉ូតូខាងលើចេញពីកន្លែងធ្វើការ ម្នាក់ឯងត្រឡប់ទៅផ្ទះវិញ លុះទៅដល់កន្លែងកើតហេតុដែលមានសភាពស្ងាត់ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូមិនចាំម៉ាក១គ្រឿងដេញតាមពីក្រោយ ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក្រុមជនសង្ស័យទាំង៣នាក់បានដកអាវុធខ្លី១ដើមភ្ជង់ ហើយស្រែកគំរាមឲ្យនាងឈប់ម៉ូតូ បើមិនព្រមឈប់ទេពួកគេនឹងបាញ់មិនខាន ដោយឮពាក្យសម្តីបែបនោះ និងដោយការភ័យខ្លាច នាងក៏បានឈប់ និងប្រគល់ម៉ូតឲ្យក្រុមចោរតាមសម្រួលជិះយកទៅបាត់តែម្តង ។
ក្រោយពេលកើតហេតុ នារីរងគ្រោះក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចជួយអន្តរាគមន៍រកម៉ូតូរបស់នាងត្រឡប់មកវិញ និងធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់យកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕