រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ យកកូនកាំបិតចិតបន្លែមុតស្រួចមួយដើម មកចាក់ទម្លាញពោះរបស់ខ្លួន បំណងសម្លាប់ខ្លួនឯង បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី១៥ សីហា ២០១៦ ស្ថិតនៅចំណុចសំណង់អនាធិបតេយ្យជាប់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះនី ឧត្តម អាយុ២១ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅសំណង់កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពាមព្រពេជ្រ ឃុំពាមព្រពេជ្យ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។
តាមសម្តីស្ត្រីម្នាក់ជាបងស្រីបង្កើត សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនរបស់ខ្លួនដេកសម្រាកតាំងពីព្រឹកឡើងមកម្ល៉េះ ដោយរូបគេមិនព្រមហូបបាយហូបទឹកសោះ រហូតដល់ម៉ោងកើតហេតុ ក្រោកឡើងដើរសំដៅទៅយកកូនកាំបិត ហើយចាក់ទម្លាយពោះខ្លួនឯង បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅរងរបួសធ្ងន់តែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុកក្បែរនោះនាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្តសាមុយចុះអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
បងស្រីដដែលបន្តថា គាត់មិនដឹងថា ប្អូនប្រុសពិបាកចិត្ត ឬខូចចិត្តរឿងអ្វីឡើយ ទើបសម្រេចចិត្តគិតខ្លីធ្វើបែបនេះ ព្រោះជារៀងរាល់ថ្ងៃ គាត់ឃើញបុរសជាប្អូនមានសភាពធម្មតា គ្មានរឿងអ្វីត្រូវគិត ឬព្រួយបារម្ភទេ ។