ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារកាសែត ខ្មែរម្ចាស់ស្រុកម្នាក់ ប្រចាំខេត្តកំពង់ឆ្នាំង បានក្អួតធ្លាក់ឈាម ខណៈជិះកាណូតដ ចេញពីផ្សារក្រោម ខេត្តកំពង់ឆ្នាំងទៅស្រុកកំពង់លែង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានប្រាប់ឲ្យដឹងថា បុរសដែលបានស្លាប់ដោយសារក្អួតឈាមនោះត្រូវបានគេស្គាល់ថាឈ្មោះ រស់ សំអាត (ហៅ ង៉ែត) អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង ជាភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុកប្រចាំខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានធ្វើដំណើរតាមកាណូតដចុះទៅស្រុកកំពង់លែង ដោយចេញដំណើរនៅម៉ោង៨និង៣០នាទីព្រឹក ពេលដែលកាណូតកំពុងធ្វើដំណើរ បុរសរងគ្រោះបានជជែកគ្នាលេងជាមួយអ្នកធ្វើដំណើរធម្មតា ខណៈដែលកាណូតបានមកដល់ចំណុចព្រែកដីដុល ស្រាប់តែបុរសរងគ្រោះបានប្រាប់អ្នកបើកកាណូតដឲ្យបើកតិចៗថាខ្លួនហាក់ដូចជាធីងធោងចង់ក្អួត។បន្តិចក្រោយមកស្រាប់តែគាត់លុតជង្គុងចុះ ហើយក្អួតធ្លាក់សុទ្ធតែឈាម បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញលើកាណូតដ ដែលអ្នកជិះជាមួយបាននាំគ្នាលើកដាក់ ឲ្យដេកលើកៅអីបម្រុងជួយសង្គ្រោះ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ភ្លាមនោះកាណូតដដឹកអ្នកដំណើរបានមកដល់ចំណត ត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់លែងចុះពិនិត្យ ធ្វើកោសល្យវិច្ច័យ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ បានប្រគល់សពឲ្យក្រុមគ្រួសារដឹកតាមកាណូតតូចមួយយកទៅលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ តាមការសន្និដ្ឋានរបស់អ្នកដឹងនូវករណីនេះថា បុរសរងគ្រោះអាចជំងឺរលាកក្រពះធ្ងន់ធ្ងរ ទើបធ្លាយក្រពះក្អួតឈាមស្លាប់៕