រាជធានីភ្នំពេញ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដែលប្រពន្ធបានប្រាប់នគរបាលថា រឿងនេះបង្កឡើងដោយបុរសជាប្ដីអត់គិតរកស៊ីអីទេ គិតតែពីអង្គុយលេងហ្វេសប៊ុក ថតរូបរបស់ខ្លួនបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បង្អួតស្រីស្នេហ៍ដែលបុរសជាប្ដីនាងកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីម្នាក់នៅក្នុងហ្វេសប៊ុកនោះ លុះពេលនាងនិយាយបន្តិចបន្តួចមិនចង់ឲ្យប្ដីដើរផ្លូវខុស ក៏ត្រូវប្ដីប្រើកណ្ដាប់ដៃវាយនាងបែបនេះទៅវិញ។
ចំណែកបុសជាប្ដីបានបដិសេធថា មិនបានទាក់ទងស្រីណាម្នាក់ទេ ខ្លួនលេងហ្វេសប៊ុកធម្មតាៗតែប៉ុណ្ណោះ ហើយរឿងបន្តិចបន្តួចសោះ ប្រពន្ធបានយកកន្ត្រៃចាក់រូបគេ ទើបទ្រាំមិនបានខ្លួនបានតដៃវិញតែម្ដង។ ក្រោយពេលត្រូវប្តីវាយនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នាងបានទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសុំឲ្យនគរបាលជួយធ្វើការអប់រំឲ្យនាងផង។
បន្ទាប់មកកម្លាំងនគរបាលបានចុះទៅ នាំខ្លួនបុរសជាប្ដីនោះទៅសាកសួរ និងអប់រំឈប់ឲ្យប្រើហិង្សាលើប្រពន្ធទៀត។ បុរសជាប្ដីនោះឈ្មោះ ម៉ៅ គឹមហៀង អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិអំពិល ឃុំកក់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ម៉េង ធូ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។
ស្ត្រីនោះបានប្រាប់នគរបាលថា នាងគឺជាអតីតស្រីមេម៉ាយ មានកូនប្រុសម្នាក់ និងកូនស្រី២នាក់ ប៉ុន្តែបានលែងលះគ្នាជាមួយប្ដី បន្ទាប់មកបានចាប់ដៃគ្នាជាប្ដីប្រពន្ធជាមួយបុររសឈ្មោះ ម៉ៅ គឹមហៀង បានរយៈពេល១០ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនបានរៀបការនោះទេ ដោយគ្រាន់តែសែនធម្មតាៗកុំឲ្យមេបាកាច់ប៉ុណ្ណោះ ហើយចំណងដៃបានកូនប្រុសម្នាក់។ មួយរយៈពេលចុងក្រោយនេះ ប្ដីហាក់មានចរិតឫកពារប្លែកណាស់ មួយថ្ងៃៗគិតតែអង្គុយលេងហ្វេសប៊ុក មិនគិតការងារផ្សេងទេ មិនតែប៉ុណ្ណោះបានថតរូបខ្លួនឯងផុសលើហ្វេសប៊ុកបង្អួតស្រីស្នេហ៍ថែមទៀត។
ដោយឡែកនៅថ្ងៃកើតហេតុ ដោយអត់ទ្រាំលែងបាននាងក៏បានស្ដីឲ្យបន្តិចបន្តួច ក៏ស្រាប់តែលោកប្ដី វាយនាងតែម្ដងទើបនាងរត់រកឲ្យនគរបាលជួយហៅលោកប្ដីដើម្បីនាំទៅធ្វើការអប់រំមិនឲ្យចាត់ការតាមច្បាប់នោះឡើយ។ នគរបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងបានចុះនាំខ្លួនប្ដីទៅកាន់ប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ ហើយគេបានប្រាប់ថា ខឹងប្រពន្ធយកកន្ត្រៃដេញចាក់មកលើខ្លួន ទើបខ្លួនវាយតដៃវិញ។ បន្ទាប់ពីការសាកសួររួច កម្លាំងបានធ្វើកិច្ចសន្យាបញ្ឈប់ ការវាយតប់ប្រពន្ធតទៅទៀត និងធ្វើការអប់រំរួច ក៏បានឲ្យវិលត្រឡប់ទៅផ្ទះវិញ៕