ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពចំពោះសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំគោលការណ៍បន្តផ្ទៀងផ្ទាល់អត្តសញ្ញាណបុគ្គលនិងធ្វើកោសល្យវិច្ច័យស្នាមម្រាមដៃ នៅលើញ្ញត្តិដែលសេសសល់ និងបញ្ជូនលទ្ធផលនៃការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរបស់គណៈកម្មការ ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
ជាមួយការស្នើសុំគោលការណ៍ ក្រសួងមហាផ្ទៃនឹងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍របស់សម្តេចក្រឡាហោម ស ខេង កាលពីចុងខែកក្កដា បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែនថាតាមរយៈការផ្ទៀងផ្ទាត់ទូទៅលើញ្ញត្តិទាំងអស់ បានរកឃើញមានបញ្ហាមួយចំនួនៈ មានឈ្មោះមានស្នាមម្រាមដៃ និងអាសយដ្ឋានត្រឹម ក្រុង ស្រុក ខណ្ឌ មានចំនួន ១៤២.៩៥០នាក់ និងមានឈ្មោះ មានស្នាមម្រាមដៃ តែគ្មានអាសយដ្ឋានសោះ ២៦.៩៥៣នាក់។ មានឈ្មោះ គ្មានស្នាមម្រាមដៃ ១៨៨ឈ្មោះ និងមានស្នាមម្រាដៃតែគ្មានឈ្មោះ ចំនួន០៩ស្នាមម្រាមដៃ។
ក្នុងចំណោមស្នាមម្រាមដៃ ចំនួន៧៣៨ ដែលផ្តិតលើឈ្មោះអ្នកដទៃនោះ ក្រុមបច្ចេកទេសបានពិនិត្យឃើញមានភាពមិនប្រក្រតីធ្ងន់ធ្ងរចំនួន៣ រួមមានៈ ពិនិត្យឃើញស្នាមមេដៃចំនួន៤៣ ផ្តិតលើសពី១០ដង ដល់៨០ដង លើឈ្មោះ ១.០០៣នាក់។ ស្នាមម្រាមដៃរបស់បុគ្គលម្នាក់ផ្តិតលើឈ្មោះចំនួន៨៨នាក់ និងរកឃើញបុគ្គលម្នាក់ប្រើប្រាស់ម្រាមដៃរបស់ខ្លួនចំនួន៧ម្រាម ផ្តិតលើឈ្មោះ។
មន្ត្រីជាន់ខ្ពស់គណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវនិងកោសល្យវិច្ច័យរបស់គណៈកម្មាការបានរកឃើញភាពមិនប្រក្រតីមួយចំនួន គឺខ្លឹមសារនៃញ្ញត្តិបានបង្ហាញឲ្យឃើញថាញ្ញត្តិត្រូវបានរៀបចំដោយគណបក្សសង្គ្រោះជាតិ។ ដោយអ្នករៀបចំញ្ញត្តិបានគិតជាមុនថា ក្នុងការរៀបចំល្បិចកលបង្កភាពស្មុគស្មាញដល់ការស្រាវជ្រាវរបស់សមត្ថកិច្ច។ អ្នករៀបចំញ្ញត្តិមានចេតនាបំប៉ោងបរិមាណស្នាមម្រាមដៃឲ្យបានច្រើនដូចជា ការបន្លំផ្តិមមេដៃលើឈ្មោះមនុស្សស្លាប់ ចំណាកស្រុកផ្លាស់ទីលំនៅចេញពីមូលដ្ឋាន ឈ្មោះគ្មានអត្តសញ្ញាណបណ្ណ ដើម្បីឲ្យសាធារណៈមតិមានការយល់ច្រឡំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនិងបង្កឲ្យមានអស្ថិរភាពសង្គម៕