ដើរតួ​ជា​ប្រពន្ធ​គយ បោក​អ្នក​រត់​ម៉ូតូឌុប

16-August-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដើរតួ​ថា​ខ្លួន​គឺជា​ប្រពន្ធ​គយ ហើយ​បាន​ហៅ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឲ្យ​ដឹក​ចេញពី​ក្នុង​បុរី​ធូ​លន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​កាន់​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦ ដោយ​ប្រាប់​ថា​ទៅ​រក​ទិញ​គ្រឿង​សង្ហា​រឹម​យក​ទៅ​ប្រើប្រាស់​។

ពេល​នោះ​បាន​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​២៥.០០០​រៀល ទាំង​ទៅ​និង​ត្រឡប់​មក​វិញ លុះ​ពេល​ទៅ​ដល់​ផ្សារ​ទួល​ទំពូង ស្ត្រី​នោះ​បាន​លេង​បុរស​អ្នក​រត់​ម៉ូតូឌុប​នោះ មួយ​ក្បាច់ និយាយ​លែង​ចេញ ដោយ​មិន​ត្រឹមតែ​មិន​បាន​ឲ្យ​លុយ​ថ្លៃ​ម៉ូតូឌុប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធ្វើ​សកម្មភាព បោក​យក​ទូរស័ព្ទ​១​គ្រឿង និង​លុយ​ចំនួន​១០​ដុល្លារ ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នោះ​ទៀត បន្ទាប់​មក​បាន​រត់ គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

លុះ​រយៈពេល​៣​ថ្ងៃ​ក្រោយមក ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ នៅ​ម្ដុំ​ផ្សារ​ពោធិ៍​ចិន​តុង ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន និង​បាន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ដាក់​ពាក្យបណ្ដឹង ឲ្យ​ចាត់ការ​តាម​ច្បាប់ ប៉ុន្តែ​ដោយសារ​តែ​ហេតុការណ៍​នោះ កើតឡើង​នៅ​ឯ​ផ្សារ​ទួល​ទំពូង ទើប​មន្ដ្រី​នគរបាល​បាន​ឲ្យ​នាំ​ស្ត្រី​នោះ​ទៅ​ប្រគល់​ឲ្យ នគរបាល​ប៉ុស្ដិ៍​ទួល​ទំពូង​នោះ​វិញ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ថេ​ង សុខ​វ៉​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ពេញ សា​រ៉ាត់ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង បាន​បាត់​បង់លុយ​ចំនួន​១០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​ហ្វា​យ​មួយ​គ្រឿង​។ អ្នក​រត់​ម៉ូតូឌុប​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦ ស្ត្រី​ម្នាក់​នោះ​បាន​ពកូន​ប្រុស​អាយុ​ប្រហែល​៣​ឆ្នាំ​ម្នាក់ ទៅ​ហៅ​ឲ្យ​ខ្លួន​ដឹក​ចេញពី​ក្នុង​បុរី​ធូ​លន ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​កាន់​កាន់​ផ្សារ​ទួល​ទំពូង​។

ប៉ុន្តែ​ក្រោយ​ពេល​ដឹក​ចេញ​ទៅ មិន​បាន​ទៅ​ផ្សារ​ទួល​ទំពូង ភ្លាម​ៗ​នោះ​ទេ គឺ​បាន​ទៅ​កន្លែង​អ៊ុតសក់​របស់​នាង នៅ​ក្នុង​ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​វិញ បន្ទាប់​មក​ទើប​ឲ្យ​ខ្លួន ដឹក​បន្តដំណើរ​ទៅ​កាន់​ផ្សារ​ទួល​ទំពូង ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ ២៥.០០០​រៀល​ទាំង​ទៅ​និង​មក​។ ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ផ្សារ​ទួល​ទំពូង ស្ត្រី​ម្នាក់​នោះ​បាន​ឲ្យ​ខ្លួន​ឈប់​ចាំ​នៅ​ខាងក្រៅ​ហើយ​គេ​បាន​ចូល​ទៅ​ក្នុង​ផ្សារ មួយសន្ទុះ​ទើប​ចេញ​មក​វិញ​បាន​ប្រាប់​ថា​ទិញ​អីវ៉ាន់​អស់​លុយ ហើយ​ខ្វះ​១០​ដុល្លារ​ទៀត បន្ទាប់​មក​បាន​ខ្ចី​លុយ​ពី​ខ្លួន​ចំនួន​១០​ដុល្លារ និង​ខ្ចី​ទូរស័ព្ទ ខ​ល​រួច​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

លុះដល់​ថ្ងៃ​ទី​១៥ ខែសីហា ទើប​ខ្លួន​ប្រទះ​ឃើញ បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ ប៉ុន្តែ​ដោយសារ​កន្លែង​កើតហេតុ នៅ​ឯ​ផ្សារ​ទួល​ទំពូង ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ឲ្យ​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​ទំពូង ខណ្ឌចំការមន​ចាត់ការ​វិញ​៕

 

ចំនួនអ្នកទស្សនា

    20661467

  • ថ្ងៃនេះ2081
  • ម្សិលមិញ4731
  • សប្តាហ៍នេះ24411
  • ខែនេះ219011
  • ឆ្នាំនេះ219011
  • សរុប20661467