រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ត្រហេបត្រហបពីកន្លែងស្ងាត់មកកាន់កន្លែងដែលមានមនុស្សឲ្យជួយ និងបានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីត្រូវចោ២នាក់ភ្ជង់ប្លន់យកម៉ូតូទៅបាត់កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅកន្លែងស្ងាត់ តាមបណ្ដោយផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ជិន ឈន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្រោយផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិដំរីធ្នង ឃុំខ្ពក ស្រុកស្អាង ខេត្តកណ្ដាល ត្រូវចោរប្លន់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ៤៤៤៥ មិនចាំអក្សរពីមុខ ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយរង់ចាំឌុបម៉ូយម្តុំរង្វង់មូលចោមចៅ ខណៈនោះមានបុរស២នាក់អាយុប្រហែល២០ឆ្នាំជាង បានដើរមករកគាត់ឲ្យឌុបទៅម្តុំភូមិទួលពង្រ ក្នុងតំលៃ៧០០០រៀល ពេលគាត់បានឌុបបុរសទាំង២នាក់ដល់កន្លែងកើតហេតុ ដែលជាផ្លូវស្ងាត់ និងងងឹតផងនោះ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់គំរាម និងវាយបែកក្បាល ពេលជនរងគ្រោះបានតដៃជាមួយជនល្មើសដែរ តែមិនឈ្នះ ដូច្នេះរូបគាត់បានបណ្តោយឲ្យជនសង្ស័យលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលទៅ ។
ភ្លាមៗជនរងគ្រោះបានស្រែកឲ្យគេឯងជួយដែរ តែដោយសារតែទីនោះជាកន្លែងស្ងាត់ គឺគ្មានអ្នកណាដឹង និងអ្នកណាលឺនោះទេ ហើយរូបបានរត់មករកកន្លែងដែរមានមនុស្សប្រាប់ឲ្យគេជួយ និងផ្តល់ដំណឹងដល់សមត្ថកិច្ចឲ្យចុះមកមើលកន្លែងកើតហេតុថា ពិតជាមានរឿងដូច្នេះមែន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវកម្លាំងអាវុធហត្ថដឹកទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ៕