ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានបងប្អូនចាប់ខ្លួនយកមកប្រគល់ឲ្យនគរបាលក្រុងតាខ្មៅកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងប្អូនស្រីជីដូនមួយដែលបានប្ដឹងចោទប្រកាន់ថា បានចាប់រំលោភរហូតបានសម្រេច និងឆក់យកទូរស័ព្ទ២គ្រឿង ព្រមទាំងលុយអស់មួយចំនួនទៀត ។
ប្រភពមន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះអាយុ២៥ឆ្នាំ ត្រូវជាបងប្អូនជីទួតមួយជាមួយជនសង្ស័យ និងនៅលីវដូចគ្នា ។
ប្រភពឲ្យដឹងទៀតថា កន្លងមកជនសង្ស័យធ្លាប់ចេញចូលផ្ទះនារីរងគ្រោះ និងធ្លាប់សុំលុយចាយញឹកញាប់ផងដែរ ។ មុនពេលកើតហេតុ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៥សីហា ជនសង្ស័យបានដើរឡើងទៅលើផ្ទះ ហើយឃើញនារីរងគ្រោះកំពុងតែដេកចុចទូរស័ព្ទលេងនៅក្នុងបន្ទប់លើផ្ទះតែម្នាក់ឯង ក៏បានចូលទៅចាប់ខ្ទប់ មាត់ និងច្របាច់កគំរាមមិនឲ្យស្រែក ហើយចាប់រំលោភរហូតបានសម្រេច ។ ពេលរំលោភបានសម្រេចហើយ នារីរងគ្រោះបានទាញទូរស័ព្ទបម្រុងទូរស័ព្ទប្រាប់ម្តាយរបស់ខ្លួន ក៏ត្រូវជនសង្ស័យស្ទុះទៅឆក់យកទូរស័ព្ទពីដៃទាំង២គ្រឿង ព្រមទាំងយកលុយអស់មួយចំនួន រួចរត់គេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បងប្អូនរបស់នារីរងគ្រោះបានឃើញជនជនសង្ស័យនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក៏បានឃាត់ខ្លួនយកមកប្រគល់ឱ្យនគរបាលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយថា មិនបានចាប់រំលោភនារីរងគ្រោះទេ គឺគ្រាន់តែបានបានយកដៃខ្ទប់មាត់ និងច្របាច់កមិនឲ្យស្រែក ព្រមទាំងយកទូរស័ព្ទ២គ្រឿង និងលុយ១០ដុល្លារប៉ុណ្ណោះ ៕