រាជធានីភ្នំពេញ ៖ មេកន្ទុយលេខដុះស្លែម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សេង ហ៊ាង ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនបានកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចទីតាំងខាងលើ ដែលស្ថិតនៅក្នុងផ្ទះលេខ២៤ ផ្លូវបេតុងលេខ១២៨K ក្នុងបុរីសែនសុខ និងមួយកន្លែងទៀតជ្រកក្រោមស្លាកអ៊ុតសក់ ហើយទាំងពីរទីតាំងនោះ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ គឺបានទទូលការអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋភាគច្រើន ដែលមិនពេញចិត្តចំពោះអ្នកបើកលេងល្បែង ប៉ុន្តែទន្ទឹមនឹងនេះប្រជាពលរដ្ឋ ក៏បានសំណូមពរ សុំឲ្យកម្លាំងសមត្ថកិច្ចខាងលើ ជាពិសេសលោកព្រះរាជអាជ្ញា ដែលបានដឹកនាំកម្លាំងចុះទៅចាប់នោះ អនុត្តទៅតាមច្បាប់តែម្ដង ដើម្បីលុបបំបាត់ល្បែងនេះចោល ព្រោះបទល្មើសនានាក៏បានកើតចេញពីប្រភព ល្បែងកន្ទុយលេខនេះដែរ។
បុរសជាមេកន្ទុយលេខ និងជាម្ចាស់ទីតាំងខាងលើ ហើយដែលត្រូវចាប់ខ្លួនឈ្មោះ ម៉ៅ ចាន់ អាយុ៣៤ឆ្នាំ ក្រៅពីធ្វើមេកន្ទុយលេខក៏មាន មុខរបរលក់ដូរផងដែរ។ ខណៈនោះកម្លាំងបានធ្វើការដកហូតបាន វត្ថុតាងមួយចំនួន ដែលមានការជាប់ពាក់ព័ន្ធទៅនឹង បទល្មើសល្បែងកន្ទុយលេខនោះ តារាងកត់ឆ្នោតកន្ទុយលេខនោះទៀតផង។ នគរបាលបាននិយាយថា ទីតាំងល្បែងកន្ទុយលេខមួយនេះ បើកលេងយូរមកហើយ ប៉ុន្តែកម្លាំងមិនហ៊ានចុះទៅបង្ក្រាបនោះឡើយ ព្រោះល្បីថាម្ចាស់មានខ្នងក្រាស់ មិនមែនដំឡូងមូលដែលអាចចុះបង្ក្រាប បានដោយងាយៗដោយមិនមានការរៀចំកម្លាំង និងមិនមានការសម្របរម្រួលពីលោកព្រះរាជអាជ្ញារងបានឡើយ។
លុះពេលធ្វើការស្រាវជ្រាវដឹង ទើបមានការរៀបចំកម្លាំង និងអញ្ជើញលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង ចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនម្ចាស់ទីតាំងនោះទៅធ្វើការសាកសួរ ព្រមទាំងកសាងសំណុរឿងតែម្ដង។ ប្រជាពលរដ្ឋបានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់កងកម្លាំងនគរបាលខាងលើ ដែលបានចុះទៅបង្ក្រាបចំទីតាំងដែលកំពុងដំណើរការ លេងល្បែងកន្ទុយលេខយ៉ាងរលូនមួយនេះ។
ប៉ុន្តែក៏សំណូមពរសុំឲ្យ ទាំងកម្លាំងនគរបាល និងលោកព្រះរាជអាជ្ញារង មេត្តាចាត់ការទៅតាមផ្លូវច្បាប់ ដើម្បីជាគំរូ និងជាការព្រមានដល់ទីតាំងច្រើនកន្លែងផ្សេងទៀត ដែលកំពុងលួចលាក់លេង នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ យ៉ាងរលូន និងសុទ្ធតែដុះស្លែដែរនោះ ហើយមិនទាន់ទទួលបានការបង្ក្រាបនៅឡើយ៕