រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខុមាលភាព ជូនប្រជាពលរដ្ឋអាជីវករ និង អតិថិជន នៅថ្ងៃទី១៦ ខែសីហា ២០១៦ គណៈកម្មការផ្សារអូរឬស្សី បានសហការណ៍ជាមួយ ក្រុមការងារដឹកនាំដោយលោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ លោក យ៉ាន់ ពៅ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោកស្រី កែប ច័ន្ទសោភា ប្រធានបសុពេទ្យប្រចាំខណ្ឌ៧មករា និងមន្ត្រីក្រោមឱវាទ បានចុះផ្ទាល់ដល់ទីតាំងលក់ដូរនៅក្នុងបរិវេណផ្សារដើម្បី
ទី១.ត្រួតពិនិត្យការដឹកជញ្ជូនបក្សី(មាន់ ទា)មកពីបណ្តាខេត្តនានា ទី២.ត្រួតពិនិត្យផលិតផលមានដើមកំណើតពីសត្វ(ជ្រូកខ្វៃ មាន់ខ្វៃ ទាខ្វៃ) ទី៣.ត្រួតពិនិត្យការដឹកជញ្ជូន សាច់សត្វមកពីទីសត្តឃាត មកកាន់កន្លែងតាំងលក់(ណែនាំឲ្យមានការវេចខ្ចប់ និង រក្សាអនាម័យក្នុងការដឹកជញ្ជូន)សម្ភារត្រូវស្អាតជាប្រចាំ ទី៤.ធ្វើជីវ:សុវត្ថិភាព កន្លែងតាំងលក់ និង តាមដងផ្លូវ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគTH4។
លោក ឡេង គឹមស្រុង ប្រធានគណៈកម្មការផ្សារអូឬស្សីបានថ្លែងឲ្យដឹងថា យើងបង្កើតការងារសហការណ៍ត្រួតពិនិត្យផលិតផល ទំនិញ បន្លែផ្លែផ្កា សត្វបក្សាបក្សី សាច់មាន់ សាច់ជ្រូក ពេលយមកធ្វើជាម្ហូបអាហារ មិនសំដៅពេលវេលានោះទេ គឺតែងធ្វើជាប់ជាប្រចាំ។ ប៉ុន្តែថ្ងៃនេះដោយសារជាថ្ងៃចិនសែនក្បាលទឹក ប្រជាពលរដ្ឋមានតម្រូវការដូចជា ជ្រូកខ្វៃ ទាខ្វៃ មាន់ខ្វៃ ទើបគណ:កម្មការផ្សារ ត្រូវសហការជាមួយកម្លាំងជំនាញ ចុះធ្វើកិច្ចការនេះដើម្បីពិនិត្យមើល និងណែនាំដល់អាជីវករ គោរពនិងអនុវត្តតាមគោលការ៤ចំណុចនេះ៕