រតនគិរី៖ឈើប្រណីតៗនៅស្រុកវ៉ឺនសៃខេត្តរតនគិរីត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកមកស្តុកទុកនិងដឹកចេញទៅលក់បន្តនៅឯប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ។សកម្មភាពបទល្មើសដឹកជញ្ជូនឈើប្រណីតខុសច្បាប់នៅតំបន់នោះត្រូវបានគេរាយការណ៍ថាបានកើតមានជាយូរឆ្នាំមកហើយ ហើយគេពុំដែលឃើញ មន្ត្រីពាក់ព័ន្ធពិសេសជំនាញរដ្ឋបាលព្រៃឈើចុះទៅបង្ក្រាបឡើយ។
មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានសរសរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាសព្វថ្ងៃម្សិលមិញថាសមត្ថកិច្ចផ្សេងៗបានដើរតួនាទីជំនួសជំនាញ រដ្ឋបាលព្រៃឈើអស់ហើយ។លើសពីនេះទៀតមានមន្ត្រីខ្លះលើកឡើងថា មានសមត្ថកិច្ចខ្លះ បានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ នៅតាមបណ្តាខេត្តមួយចំនួនដែលមានសកម្មភាពដឹកឈើកើតឡើងដូចជាការរកស៊ីឈើប្រព្រឹត្តបទល្មើសព្រៃឈើខ្លួនឯងនិងសមគំនិតជាមួយឈ្មួញជាដើម។
ទោះបីជាបែបនេះក្តីនៅឯស្រុកវ៉ឺនសៃវិញត្រូវបានគេរាយការណ៍ថាគឺជាកន្លែងដែលក្រុមឈ្មួញយកតំបន់នោះសម្រាប់ឆ្លងកាត់ប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ជាលក្ខណៈទ្រង់ទ្រាយធំ។ឈើប្រណីតៗពិសេសឈើធ្នង់,ឈើនាងនួនមានទីផ្សារនាំចេញតាមច្រកអូរយ៉ាដាវខេត្តរតនគិរីទៅកាន់ប្រទេសវៀតណាមកំពុងតែមានអ្នកប្រមូលទិញស្តុកទុកនៅតាមផ្ទះប្រជាពលរដ្ឋក្បែរមាត់ទន្លេសេកុងភូមិសាស្ត្រភូមិបានហ្វាំឃុំប៉ុងស្រុកវ៉ឺនសៃនោះតែម្តង។
ប្រភពព័ត៌មានបានឱ្យដឹងថាបន្ទាប់ពីមានដំណឹងសម្តេចតេជោហ៊ុនសែនលោកនឹងអញ្ជើញទៅកាន់ខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីឆាប់ៗខាងមុខដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងដោះស្រាយបញ្ហាមួយចំនួនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរនោះ។ស្រាប់តែសកម្មភាពដឹកជញ្ជូនឈើប្រណីតមានការធូរស្បើយខ្លះបន្តិចហើយក្នុងការនាំឈើប្រណីតពីក្រុងបានលុងតាមផ្លូវជាតិលេខ៧៨Aទៅកាន់ស្រុកអូរយ៉ាងដាវនិងទៅវៀតណាម។ប៉ុន្តែប៉ុន្មានថ្ងៃមកនេះមានសកម្មភាពដឹកជញ្ជូនពីតាមតំបន់មួយចំនួននៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងស្រុកតាវែងមកស្តុកទុកនៅតាមផ្ទះក្បែរមាត់ទន្លេសេកុងភូមិបានហ្វាំឃុំប៉ុងស្រុកវឺនសៃត្រៀមដឹកជញ្ជូនចេញក្រោយពីសម្តេចតេជោវិលត្រឡប់ទៅភ្នំពេញវិញ។ឈើប្រណីតនៅស្រុកវឺនសៃត្រូវបានក្រុមឈ្មួញដឹកជញ្ជូនពីតំបន់ព្រៃឧទ្យានជាតិវីរៈជ័យស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងមួយចំនួនទៀត មកពីស្រុកតាវែង ខេត្តរតនគិរី ប្រើរូបភាពតាមគោយន្តកែច្នៃនិងក្បូនឬទូកដឹកមកពីស្រុកតាវែងតាមដងទន្លេសេកុង។
លោកកិខាន់មេឃុំប៉ុងស្រុកវ៉ឺនសៃទទួលស្គាល់ថាសកម្មភាពដឹកជញ្ជូនឈើប្រណីតមកពីឃុំផ្សេងៗ មកកាន់ឃុំរបស់គាត់ ពិតជាកើតមានមែន ព្រោះថាឃុំប៉ុងគឺជាទីប្រជុំជនស្រុកវ៉ឺនសៃហើយក៏ជាកន្លែងឆ្លងកាត់ពីស្រុកវ៉ឺនសៃទៅកាន់ក្រុងបានលុងខេត្តរតនគិរី។
លោកមេឃុំបានបញ្ជាក់ថាឃុំរបស់គាត់គ្មានព្រៃឈើទេបើមានបទល្មើសគឺគ្រាន់តែជាកន្លែងឆ្លងកាត់តែប៉ុណ្ណោះ។រឿងនេះគាត់មិនបានដឹងច្បាស់ថាការរកស៊ីរបស់ឈ្មួញបែបណាទេដោយសារគាត់មិនបានជាប់ពាក់ព័ន្ធ។
លោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបាននិយាយនៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦ប្រាប់រស្មីកម្ពុជាថាលោកកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមដើម្បីចូលរួមប្រជុំលើការគ្រប់គ្រងវិស័យព្រៃឈើ។លោកស្វាគមន៍ចូលរួមសហការក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើបើសិនជាឃើញជាក់ស្តែង។
លោកសុំមិននិយាយច្រើនទេជុំវិញការចុះបង្ក្រាបបទល្មើសព្រៃឈើព្រោះជាប់រវល់ធ្វើដំណើរពីតាមរថយន្តពីខេត្តរតនគិរីទៅចូលរួមប្រជុំនៅខេត្តកំពង់ចាម។លោកកែបកត់បានបញ្ជាក់ថាបើសិនជាមានបទល្មើសដឹកជញ្ជូនឈើឬក៏កន្លែងស្តុកឈើនៅភូមិបានហ្វាំស្រុកវ៉ឺនសៃដូចបានលើកឡើងខាងលើលោកនឹងបញ្ជាមន្ត្រីឱ្យចុះទៅបង្ក្រាបភ្លាម។លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានChannelNewsAsiaក្រោយពីមានរបាយការណ៍ថាគេនៅឃើញឈើខុសច្បាប់ជាច្រើនត្រូវឈ្មួញបន្តដឹកចេញពីកម្ពុជា ទៅប្រទេសវៀតណាម ក្នុងទឹកប្រាក់ច្រើនលានដុល្លារ។
លោកសាយសំអាល់បាននិយាយថាតាំងពីសម្តេចតេជោហ៊ុនសែនដាក់បំរាមលែងឱ្យមានការដឹកឈើចេញកាលពីដើមឆ្នាំនេះគឺមានប្រសិទ្ធភាពមិនមានការនាំចេញឈើទៀតទេហើយការកាប់ព្រៃឈើក្នុងទ្រង់ទ្រាយធំគឺលែងមានហើយ។តាមរបាយការណ៍ពីអង្គការForestTrendsបានឱ្យដឹងថាឈើជាច្រើននៅតែត្រូវបានគេបន្តដឹកទៅវៀតណាមភាគច្រើនធ្វើឡើងដោយប្រតិបត្តិករតូចតាចដើម្បីគេចពីមន្ត្រីព្រៃឈើ។កម្ពុជាជាប្រទេសមួយ ដែលមានការកាប់ព្រៃឈើខ្លាំងបំផុតមួយ នៅក្នុងពិភពលោក។តាមតួលេខពីធនាគារពិភពលោកឱ្យដឹងថា នៅក្នុងទសវត្សរ៍១៩៩០ប្រមាណ៧៣%នៃផ្ទៃដីសរុបរបស់កម្ពុជាគឺគ្របដណ្តប់ដោយព្រៃឈើជិត១៣លានហិកតា។ប៉ុន្តែ នៅឆ្នាំ២០១៥នៅសល់តែប្រមាណ៥៣%ប៉ុណ្ណោះនៃផ្ទៃដីកម្ពុជាឬស្មើនឹងប្រមាណ៩លាន៥សែនហិកតា។
កម្ពុជាក៏ជាប្រទេសដែលបានផ្តល់ដីព្រៃសម្បទានសេដ្ឋកិច្ចច្រើនផងដែរ ដោយមានរបាយការណ៍ថាមានផ្ទៃដីយ៉ាងតិច១លាន២សែនហិកតា ទូតាំងប្រទេស ត្រូវអាជ្ញាធរផ្តល់សម្បទានដីព្រៃទៅឱ្យក្រុមហ៊ុនឯកជនសម្រាប់ការប្រើប្រាស់ធ្វើកសិកម្មទ្រង់ទ្រាយធំ៕